(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា តាមរយៈស្នាដៃ និងទេពកោសល្យរបស់សិល្បករ សិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ដ្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នាល្ងាចថ្ងៃទី២៥ ខែេមសា ឆ្នាំ២០២៤នេះ។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «សិល្បករ សិល្បការិនីខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ដ្រជាតិរបស់កម្ពុជា ហើយក៏ជាកាតាលីករជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា តាមរយៈការបំពាក់នូវគ្រឿងឥស្សរិយយសនៅពេលនេះ គឺជានិមិត្តរូបនៃការទទួលស្គាល់ការចូលរួមចំណែករបស់សិល្បករ សិល្បការិនីនៅទូទាំងប្រទេស ដែលចូលរួមក្នុងកសាង ពង្រឹងវប្បធម៌ជាតិរបស់កម្ពុជា។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ក្នុងសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន តួនាទីរបស់​សិល្បករ សិល្បការនីខ្មែរកាន់តែមានសារៈសំខាន់ខ្លាំងក្លា ជាពិសេសសិល្បករមួយ រូបៗសុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះ បំផុសឲ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិ ឲ្យកាន់តែខ្លាំងក្លាឡើង។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសិល្បករ សិល្បការិនី និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកម្សាន្តប្រកបដោយភាពរីករាយ ព្រមទាំង ថែរក្សាបានប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពចំពោះការលើកឡើងរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធនឹងតួនាទីគន្លឹះរបស់សិល្បករ សិល្បការិនី គ្រប់ទម្រង់ ក្នុងការចូលរួមថែរក្សា​ប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះទៅលើឆាកអន្តរជាតិ។

សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សិល្បករ សិល្បការិនីខ្មែរដ៏ច្រើនរាប់មិនអស់នៅ​គ្រប់​ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់ ដោយបានបំផុសនូវគំនិត និងការច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បវប្បធម៌ខ្មែរបុរាណ និងបែបបទនៃជីវិតរបស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ ដែលមានតាមចម្លាក់នានានៅតាមប្រាង្គប្រាសាទខ្មែរ ក្បាច់រចនាផ្សេងៗ ដែលជាលម្អនៃការរស់នៅរបស់ប្រជាជនខ្មែរឲ្យលេចធ្លោឡើង តាមរយៈរបាំអប្សរាដ៏ល្អឥតខ្ចោះ ទម្រង់របាំក្បាច់ របាំបុរាណ និងប្រពៃណីខ្មែរ របាំសហសម័យ រូបភាព សិល្បៈ តន្ដ្រី ចម្រៀង ខ្សែភាពយន្ដ ចម្លាក់ អក្សរសិល្ប៍ សម្លៀកបំពាក់ រហូតដល់ម្ហូបអាហារជាដើម៕