(ភ្នំពេញ)៖ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ជាព្រឹត្តិការណ៍សកលដែលបច្ចុប្បន្ននេះ មានសមាគមជាតិចំនួន១៩២ នៅជុំវិញពិភពលោក តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៨ ខែឧសភា។

ទិវានេះ ដើម្បីរំលឹកដល់ការបង្កើតចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ១៨៥៣ និងថ្ងៃកំណើតលោក ហង់រី ឌុយណង់ - ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា និងជាឱកាសផ្សព្វផ្សាយព័ត៌មានឱ្យពលរដ្ឋទូទាំងសកលលោក បានដឹងនិងយល់ជ្រួតជ្រាបពីអ្វីដែលចលនាអន្តរជាតិ រួមជាមួយសមាគមជាតិ និងកម្លាំងអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោកជិត ១៥លាននាក់ តែងតែបាន និងកំពុងខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នករងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ វិបត្តិភ័យ ការប្រែប្រួលអាកាសធាតុ ជំងឺឆ្លងរាតត្បាតជាសកលនានា សង្គ្រាម និងជម្លោះប្រដាប់អាវុធផង ឱ្យបានរស់នៅ ក្នុងពិភពលោកមួយដែលកាន់តែមានសុវត្ថិភាពជាងមុន និងមានសុខសន្តិភាពជារៀងរាល់ថ្ងៃ។

សម្រាប់កាកបាទក្រហមកម្ពុជា ក្នុងនាមជាសមាជិកទី៨៥ របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្នុងឱកាសនេះ ក៏បានបន្ដអំពាវនាវកៀរគរដល់សប្បុរសជាតិ អន្ដរជាតិ ចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីឱ្យដំណើរការនៃការងារមនុស្សធម៌ ជួយសង្គ្រោះដល់ជនងាយរងគ្រោះ និងរងគ្រោះបំផុតនៅកម្ពុជា និងបណ្ដាប្រទេសជាមិត្ដ។

ក្រោមការអំពាវនាវនេះ ក្នុងឱកាសអបអរសាទរខួប១៦១ ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនេះ ឃើញថាមានសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន បានឧបត្ថម្ភគំាទ្រ ជាថវិកា និងសម្ភារៈផ្សេងៗ ជូនដល់កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មានសប្បុរសជន អញ្ជើញនាំយក ថវិកាសប្បុរសធម៌ មកកាន់ទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមជាវិភាគទាន ជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់សមាគមជាតិមួយនេះ ឲ្យមាននិរន្តរភាព។

លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញឹក កាកបាទក្រហមកម្ពុជាបានឲ្យដឹងថា ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលសមានទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ហើយសកម្មភាពដ៏ថ្លៃថ្លានេះ គឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការមនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គហិរញ្ញឹកបានឱ្យដឹងផងដែរ ពីការប្រើប្រាស់ថវិកា របស់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការ ជួយសង្គ្រោះប្រជាជនរងគ្រោះ និងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជា ការជីកអណ្ដូងទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋានគោលដៅមួយចំនួន ដើម្បីពួកគាត់យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកាជារៀងរាល់ឆ្នាំចំនួន ១លានដុល្លារអាមេរិក ជូនមូលនីធិគន្ធបុប្ផា ហើយក្នុងឆ្នាំ២០២៣កន្លងទៅនេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ គ្រប់ប្រភេទបានប្រមាណ ជាង៩ម៉ឺន៩ពាន់គ្រួសារ។

ដោយឡែកថ្មីនេះ ក្រុមប្រតិបត្តិកាកបាទក្រហមកម្ពុជា ក៏បានផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ជូនអង្គការសមាគមន៍ចំនួន៥ រួមមាន អង្គការសង្គ្រោះជនអស់សង្ឃឹម អង្គការលើស្ទួយប្រជាពលរដ្ឋមជ្ឈមណ្ឌលបុរីទារក និងកុមារជាតិ សមាគមតន្ត្រីសំនៀងជនពិការ និងអង្គការផ្ទះបាយកុមារ ដែលមានអ្នកទទួលផលរាប់ពាន់នាក់។

សូមបញ្ជាក់ទៀតថា ២០២៤នេះ គឺជាឆ្នាំទី៥ ហើយដែលកាកបាទកាកបាទក្រហមកម្ពុជា មិនបានប្រារព្ធពិធីជួបជុំ ដើម្បីអបអរសាទរទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ប៉ុន្តែទោះជាយ៉ាងណាក្តីកាកបាទក្រហមកម្ពុជា គឺបន្ដទទួលស្វាគមន៍ជានិច្ច ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមជាថវិកា និងសម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា តាមរយៈការអញ្ជើញមកផ្ទាល់ដល់ទីស្នាក់ការកណ្ដាល ឬចាត់តំណាងនាំមកប្រគល់ជូន ក៏ដូចជាការផ្ដល់ជូនតាមប្រព័ន្ធធនាគារផ្សេងៗ ហើយកាកបាទក្រហមកម្ពុជា បានចាត់ទុកវិភាគទានទាំងនោះ គឺសុទ្ធតែបានរួមចំណែក ធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះ មានលទ្ធភាពបំពេញបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងរងគ្រោះ ដែលត្រូវការចាំបាច់ការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។

ជាការពិតណាស់ថា កាកបាទក្រហមកម្ពុជា តែងចាត់ទុក ទិវា៨ឧសភា ជាព្រឹត្តិការណ៍មហាសប្បុរសមួយ ដែលជួយកៀរគររកមូលនិធិសប្បុរសធម៌បានច្រើន សម្រាប់ទ្រទ្រង់ប្រតិបត្តិការ និងបេសកកម្មរបស់ខ្លួន ហើយក៏ជាឱកាសមួយសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បានបង្ហាញពីបេះដូងមនុស្សធម៌ តាមរយៈវប្បធម៌នៃការចែករំលែករៀងៗខ្លួន តាមសទ្ធាជ្រះថ្លា និងការស្ម័គ្រចិត្ត។

សូមជម្រាបថា សប្បុរសជនដែលនាំយកថវិកាសប្បុរសធម៌ មកជូនកាកបាទក្រហមកម្ពុជាក្នុងថ្ងៃទី២៤ ខែមេសានេះ រួមមាន៖ ក្រុមហ៊ុនម៉ែនសារុន នាំចេញនាំចូល ថវិកា ២ម៉ឺនដុល្លារអាមេរិក, ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ថវិកា ចំនួន ៩៩៩,៩៩៩ដុល្លារអាមេរិក ដែលនាំមកប្រគល់ជូនដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិតម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាលគ្រុប (ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ធ្លាប់ជួយក្នុងសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជាតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ហើយបើគិតទាំងឆ្នាំ២០២៤នេះ សរុបជាថវិកាចំនួន ៤,៨៧៧,៩៩៨ដុល្លារអាមេរិក), ឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល ថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក (ឧកញ៉ាសុខសំណាង និងលោកជំទាវ ធ្លាប់ជួយឧបត្ថមកាកបាទក្រហមកម្ពជា តាំងពីឆ្នាំ២០១២មកម្ល៉េះ បើគិតទាំងឆ្នាំ២០២៤នេះ សរុបជាថវិកាចំនួន ៦៧ម៉ឺនដុល្លារអាមេរិក និងរថយន្តចំនួន៤គ្រឿង), ឯកឧត្តម ឈិត សុខុន សមាជិកព្រឹទ្ធសភា និងលោកជំទាវ ថវិកា ៨លានរៀល, ឯកឧត្តមបណ្ឌិត លី ឆេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនប៊ែលធីគ្រុបថវិកា ៥ពាន់ដុល្លារអាមេរិក ដែលនាំមកប្រគល់ជូនដោយឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធ្លាប់ឧបត្ថម្ភកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០៩មកម្លេះ បើគិតទាំងឆ្នាំ២០២៤នេះ សរុបជាថវិកា ចំនួន ៤២,២០០ដុល្លារអាមេរិក និង១លានរៀល។

ក្រៅពីនោះមាន ធនាគារ អេស៊ីលីដា ភីអិលស៊ី ថវិកា៨០០លានរៀល (ធនាគារ អេស៊ីលីដា ភីអិលស៊ី ធ្លាប់ចូលរួមឧបត្ថមកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០០៥ បើគិតទាំងឆ្នាំ ២០២៤នេះ សរុបជាថវិកា ចំនួន ៦,៦៧០លានរៀល), ធនាគារកម្ពុជាសាធារណៈ ថវិកាចំនួន៥ពាន់ដុល្លារអាមេរិក (ធនាគារកម្ពុជា សាធារណៈនេះ ធ្លាប់ឧបត្ថម្ភកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០១០ មកម្ល៉េះ បើគិតទាំងឆ្នាំ២០២៤នេះ គឺសរុបជាថវិកាចំនួន ៥ម៉ឺន៦ពាន់ដុល្លាអាមេរិក។ សិក្ខាកាមជាមន្ត្រីកាកបាទក្រហមកម្ពុជា ជំនាន់ទី១ នៃវគ្គបណ្ដុះបណ្ដាលនៅសាលាភូមិមិន្ទរដ្ឋបាល ថវិកាចំនួន២លាន ៩សែន ៤ម៉ឺន២០០០រៀលនិង៨៤៩ដុល្លារអាមេរិក។ និងគណប្រតិភូភរិយាឥស្សរជនថ្នាក់ដឹកនាំសរុបចំនួន១៣រូប ដឹកនាំដោយលោកជំទាវទុយសិរីរតនៈ នេត ភក្ត្រា ថវិកាសរុបចំនួន ៣២លានរៀល និង៣២០០ដុល្លារអាមេរិក។

ជាការកត់សម្គាល់គិតត្រឹមថ្ងៃថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៤នេះ បើរាប់បញ្ចូលទាំងព្រះរាជូបត្ថម្ភនៃព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំរដ្ឋ និងសប្បុរសជនជាលក្ខណៈបុគ្គលផ្ទាល់ខ្លួន និងជាលក្ខណៈក្រុមហ៊ុនសរុបប្រមាណជាង ៤០០ហើយ ដែលបានប្រោសព្រះរាជទានព្រះរាជទ្រព្យ និងបរិច្ចាគធនធាន ជាបន្តបន្ទាប់ជូនកាកបាទក្រហមកម្ពុជា ដោយសរុបជាថវិកាគិតជាដុល្លារបានប្រមាណជាង ៥លានដុល្លារអាមេរិក៕