(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាត ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្រសួងយុត្តិធម៌ និងអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានសហការគ្នាជាមួយសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» នៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក-លោកស្រីជាអនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង លោកប្រធាន-អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល ប្រធាន-អនុប្រធានការិយាល័យ ក្រឡាបញ្ជី មន្ដ្រីអាជ្ញាសាលា ព្រមទាំងមន្ដ្រីលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) គឺជាអាជ្ញាធរដែលមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យលើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យវិស័យនេះ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម តាមរយៈការកៀរគរមូលធនពីសាធារណជន ឬអ្នកវិនិយោគមូលបត្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់ការវិនិយោគនៅកម្ពុជា។ វិស័យមូលបត្រនៅកម្ពុជាកំពុងតែបោះជំហាន និងបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយនឹងការចូលរួមកាន់តែច្រើនពីតួអង្គពាក់ព័ន្ធ និងកំណើននៃផលិតផលហិរញ្ញវត្ថុដែលជាមូលបត្រ និងដែលកំពុងតែជួញដូរយ៉ាងសកម្មនៅក្នុងទីផ្សារមូលបត្រកម្ពុជា។ ទន្ទឹមនឹងភាពរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា ក៏មានជនខិលខូចបានឆ្លៀតឱកាសដោយប្រើប្រាស់ឧបាយកលផ្សេងៗ តាមគ្រប់រូបភាព រួមទាំងតាមបច្ចេកវិទ្យា ដើម្បីឆបោកប្រជាពលរដ្ឋ ឲ្យដាក់ប្រាក់វិនិយោគ។

ជាក់ស្ដែង ន.ម.ក. បានពិនិត្យឃើញថា មានសកម្មភាពនៃការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ហ្វេសប៊ុក តេឡេក្រាម សិក្ខាសាលា វគ្គបណ្តុះបណ្តាល និងដើរកៀរគរ ដើម្បីទាក់ទាញសាធារណជន ឲ្យធ្វើការជួញដូរលើឧបករណ៍និស្សន្ទ ដូចជា ជួញដូរលើហាងឆេងមាស ហាងឆេងរូបិយបណ្ណ និងប្រមូលមូលនិធិពីសាធារណជន ហើយគ្រប់គ្រងមូលនិធិទាំងនេះដើម្បីប្រើប្រាស់សម្រាប់វិនិយោគក្នុងគម្រោងវិនិយោគណាមួយច្បាស់លាស់ ហើយសន្យាផ្តល់ដល់អ្នកដាក់ប្រាក់វិនិយោគទាំងនោះវិញនូវផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃផ្សេងៗ ដែលសកម្មភាពទាំងនេះជាប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រ ដោយត្រូវមានអាជ្ញាបណ្ណ ឬការអនុញ្ញាតជាមុនពី ន.ម.ក.។

ដោយឡែក បើការកៀរគរមូលនិធិទាំងនោះ ដោយសន្យាផ្តល់នូវប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ ប៉ុន្តែជាក់ស្តែងមិនបានយកប្រាក់នោះទៅវិនិយោគលើគម្រោងវិនិយោគណាមួយច្បាស់លាស់ទេ នេះគឺជាករណីឆបោកដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួល ឆាប់រហ័ស ហេតុនេះ មានឧក្រិដ្ឋជនបានបង្កើតក្រុមតេឡេក្រាមក្លែងបន្លំគណនីថ្នាក់ដឹកនាំ ឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណក្នុងវិស័យមូលបត្រ ដើម្បីឲ្យប្រជាពលរដ្ឋជឿ ធ្លាក់ខ្លួនចាញ់បោក និងជ្រុលខ្លួនក្លាយជាជនរងគ្រោះដាក់ប្រាក់វិនិយោគផងដែរ។

ជាងនេះទៀត វាគ្មិនតំណាងអគ្គស្នងការនគរបាលជាតិក៏បានចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការវិវត្តនៃបច្ចេកវិទ្យាមានការជឿនលឿន ដែលទាមទារឱ្យត្រូវរួមគ្នាផ្តល់កិច្ចសហការ ទាំងស្ថាប័នរដ្ឋ និងឯកជន ដើម្បីចែករំលែកព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបបទល្មើសបច្ចេកវិទ្យាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ជាងនេះទៀត វាគ្មិនតំណាងក្រសួងយុត្តិធម៌ក៏បានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកទេសស៊ើបអង្កេតហិរញ្ញវត្ថុ ដើម្បីឲ្យយល់ដឹងបន្ថែមពីតួនាទីរបស់អង្គភាពនីមួយៗ រួមគ្នាសហការស៊ើបអង្កេត ទប់ស្កាត់បទល្មើសហិរញ្ញវត្ថុ រួមទាំងប្រឆាំងនឹងការសម្អាតប្រាក់ដោយពួកឧក្រិដ្ឋជន។

តាមរយៈសិក្ខាសាលានេះ ផ្តល់ឱកាសដល់សិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ ឲ្យកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការប្រមូលមូលនិធិក្រោមរូបភាពវិនិយោគក្នុងវិស័យមូលបត្រដោយស្របច្បាប់ រូបភាពវិនិយោគក្នុងវិស័យមូលបត្រខុសច្បាប់ និងការឆបោកក្រោមរូបភាពនៃការវិនិយោគ បទល្មើសតាមបច្ចេកវិទ្យា និងបច្ចេកទេសស៊ើបអង្កេតហិរញ្ញវត្ថុ ហើយបន្តផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នខ្ពស់នូវសកម្មភាពខុសច្បាប់ ហើយរួមគ្នាចាត់វិធានការទាន់ពេលវេលាទប់ស្កាត់ការកៀរគរថវិកា និងការប្រមូលមូលនិធិពីបងប្អូនប្រជាពលរដ្ឋក្រោមរូបភាពវិនិយោគផ្សេងៗ ដោយសន្យាផ្តល់ប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ ដែលសកម្មភាពខុសច្បាប់នាំ ឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។

លោក ស៊ូ សុជាតិ បានស្នើសុំកិច្ចសហការពីលោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអ្នកចូលរួមទាំងអស់ ជួយផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ឲ្យទាន់ពេលវេលា និងជៀសវាងការចាញ់បោក ដោយសារតែជនទុច្ចរិតបានប្រើប្រាស់ការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួល ឆាប់រហ័ស ដើម្បីឆបោកសាធារណជន៕