(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្ដីរាជការ ស្ដីពីភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ ដើម្បីផ្ដល់និងពង្រឹងពុទ្ធិបន្ថែមទៀត លើការប្រតិបត្តិការការងាររបស់មន្ដ្រីរាជការ ដើម្បីបង្កើនការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ តាមរយៈការផ្លាស់ប្ដូរឥរិយាបថ ក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ខ្លួន។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសិក្ខាកាមដែលជាអនុប្រធាននាយកដ្ឋាន អនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត និងអនុប្រធានការិយាល័យនៅទីស្ដីការក្រសួង សរុបចំនួន៥៤២នាក់ ស្រីចំនួន១៣៧នាក់។

លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ដើម្បីផ្ដល់និងពង្រឹងពុទ្ធិបន្ថែមទៀតលើការប្រតិបត្តិការការងាររបស់មន្ដ្រីរាជការ ដើម្បីបង្កើនការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ តាមរយៈការផ្លាស់ប្ដូរឥរិយាបថ ក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ខ្លួន ដែលជាការជំរុញការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

លោករដ្ឋមន្ដ្រីបានបន្ដថា តាមរយៈវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្តក្នុងការបន្ដអភិវឌ្ឍសមិទ្ធផលដែលមានស្រាប់ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធ្វើឱ្យសម្រេចជោគជ័យផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡាឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ, ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ និងទី៤.ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ដ្រីបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីទទួលបានជាពុទ្ធិថ្មីៗបន្ថែមទៀតយកទៅអនុវត្តលើការងារក្នុងអង្គភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ៕