(ស្វាយរៀង)៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ប៉េង  ពោធិ៍សា  អភិបាលខេត្តស្វាយរៀង បានណែនាំអាជ្ញាធក្រុង ស្រុកត្រូវពិនិត្យតាមដានរាល់ការចាក់បំពេញអាចម៌ដីនៅទីតាំងនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានអាជីវកម្មធំៗ ត្រូវឱ្យមានច្បាប់អនុញ្ញាតមុននឹងជីក ឫដឹកជញ្ជូន ទន្ទឹមនោះត្រូវពិនិត្យទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាស់ដូចជា៖ ដីព្រៃដីបឹងជាដើមមកធ្វើជាកម្មសិទ្ធ។ 

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលខិតខំចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក៏ដូចជាការចូលរួមសហការជាមួយ ស.ស.យ.ក ក្រុង ស្រុក ក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមទីតាំងនានាក្នុងមូលដ្ឋានក្រុងស្រុកនីមួយៗ។  

លោកអភិបាលខេត្តបានផ្តាំផ្ញើ និងដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នក្នុងការការពារគ្រោះអគ្គិសភ័យក្នងរដូវរាំងស្ងួតនេះ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាព
*ទី២៖ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តភូមិ-ឃុំមានសុវត្ថិភាពឱ្យបានល្អនូវក្នុងមូលដ្ឋានរបស់ខ្លួនឱ្យ
*ទី៣៖ ត្រូវបន្តការសហការសមត្ថកិច្ចពាក់ព័ន្ធក្នុងការរៀបចំពិនិត្យធ្វើតេស្តរកសាធាតុញៀន នៅតាមរដ្ឋបាលក្រុង  ស្រុក និងមន្ទីរអង្គភាពនានាក្នុងខេត្ត
*ទី៤៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន
*ទី៥៖ បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព
*ទី៦៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ៕