(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ជនជាប់ចោទ កឹម សុខា នឹងចេញមុខថ្លែងការណ៍នៅមុខទីស្នាក់ការគណបក្ស នៅវេលាម៉ោង៩ព្រឹក ស្របពេលដែលនឹងតុលាការបើកសវនាការកាត់ក្តីសំណុំរឿងរបស់រូបលោក នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ។

សូមជំរាបថា សាលាដំបូងរាជធានីភ្នំពេញនៅម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ នឹងចាប់ផ្តើមបើកការជំនុំជម្រះ លើសំណុំរឿងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក្រោមបទចោទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីរូបលោកបានបដិសេធ មិនចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សីលើសំណុំរឿង «សញ្ចាកម្ម» ដែលជាបណ្តឹងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ចំនួនពីរលើករួចមកនោះ។

សវនាការជំនុំជម្រះក្តីលោក កឹម សុខា នាព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ មាន លោក កែវ មុនី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ មាន លោក សៀង សុខ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និង លោក វ៉ែន សំអាត ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ជាក្រឡាបញ្ជីសវនាការ៕