(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគរុកោសល្យ វិធីសាស្រ្តបង្រៀននិងគ្រប់គ្រងថ្នាក់រៀន ជំហាន២ ក្រុម១ ក្រោមអធិបតីភាពលោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី អមដោយថ្នាក់ដឹកនាំ និងសិក្ខាកាមជាលោកគ្រូអ្នកគ្រូសាលាមធ្យមវិចិត្រសិល្បៈ ចូលរួមចំនួន ៨៥រូប។

លោក ហេង កំសាន្ត នាយកស្តីទីសាលាមធ្យមវិចិត្រសិល្បៈ ក៏បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះនឹងជ្រើសរើសយកលោកគ្រូ អ្នកគ្រូ ដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលនូវជំហាន១ មកបណ្តុះបណ្តាលនូវជំហាន២បន្ត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពនៃការបង្រៀន ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈគ្រូបង្រៀន ក្នុងបរិបទថ្មីបែបឌីជីថល ពោលគឺផ្តោតលើបំណិននៃការគ្រប់គ្រងថ្នាក់រៀននិងវិធីសាស្រ្តក្នុងការគ្រប់គ្រងសិស្សជាដើម។

ទន្ទឹមនេះដែរ លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានថ្លែងដែរថា ផ្អែកលើគោលនយោបាយនិងយុទ្ធសាស្រ្តកំណែទម្រង់របស់រាជរដ្ឋាភិបាល សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ ដែលជាអង្គភាពចំណុះក្រសួងមានបេសកកម្មនិងភារកិច្ចកាន់តែសំខាន់ឡើង ក្នុងមុខងារជាអ្នកផ្តល់ការគាំទ្រលើវិស័យបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធនមនុស្សដល់អង្គភាពមន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការធ្វើទំនើបកម្មមុខងារសាធារណៈ ឱ្យប្រកបដោយធនធាន ដែលមានគុណភាព មានវិជ្ជាជីវៈ ជាបញ្ញាជន វិញ្ញូជនរដ្ឋបាល ជាអ្នកគ្រប់គ្រង និងដំណើរការរដ្ឋបាលប្រកបដោយសមត្ថភាព ជាមន្រ្តីរាជការដែលប្រកាន់យកសីលធម៌ថ្លៃថ្នូរ និងជាអ្នកបម្រើការងាររដ្ឋបាល និងប្រជាជន ប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងអង្គពិធី លោកអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលនេះគឺក្រសួងមានបំណងចង់ផ្តល់ទស្សនទានក្នុងវិស័យរដ្ឋបាលអប់រំនាពេលបច្ចុប្បន្ន និងទៅអនាគត ឱ្យមន្រ្តីរាជការ លោកគ្រូអ្នកគ្រូនៃសាលាមធ្យមវិចិត្រសិល្បៈបន្តរៀនសូត្រ ពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្ម ផ្នែករដ្ឋបាលសិក្សានិងផ្លាស់ប្តូរផ្នត់គំនិត ពីការបង្រៀនតាមរបៀប «គ្រូមជ្ឈមណ្ឌល» មកបង្កើតវិធីសាស្រ្តថ្មីដែលហៅថា«សិស្សមជ្ឈមណ្ឌល»ដោយអនុញ្ញាតឱ្យសិស្ស អនុវត្តន៍កិច្ចការសាលាឱ្យបានច្រើន និងលោកគ្រូអ្នកគ្រូ ត្រូវបង្រៀនទៅតាមប្លង់មេរៀនច្បាស់លាស់ ស្របតាមប្រភេទនៃកិច្ចតែងការ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំផងនិងរក្សាបានតម្លៃនៃជំនាញវិជ្ជាជីវៈមរតកដូនតាខ្មែរផង។

ម្យ៉ាងវិញទៀត នៅក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្តកំណត់យកនយោបាយអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះ ក៏ជាការបន្តរួមចំណែកធ្វើឱ្យគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស ដែលរាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញ គឺដើម្បីជួយដល់គ្រឹះស្ថានអប់រំក្នុងការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស ដែលនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកប ដោយគុណភាពល្អ អាចទុកចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ។

សូមបញ្ជាក់ជូនថា វគ្គបណ្តុះបណ្តាលខាងលើ ក៏មានការបញ្រ្ជាបសារអប់រំ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ការជួញដូរគ្រឿងញៀនដល់លោកគ្រូ អ្នកគ្រូ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕