(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានប្រកាសប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅ ក្នុងកិច្ចការផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាថា កម្ពុជានិងចិន គឺជាមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។

ការប្រកាសរបស់ចិន បានបង្ហាញតាមរយៈ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេសចិន ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានរួមកម្ពុជា-ចិន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចនេះ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់ លោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំកម្ពុជា ភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅនិងជាក់ស្តែង, ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានឯកភាពធ្វើអានុភាវូបនីយកម្ម តួនាទីសម្របសម្រួលរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់, និងស្តង់ដារខ្ពស់ ព្រមទាំងរួមគ្នាជំរុញពហុភាគីនិយម និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមប្រកបដោយសេរី, បើកចំហ, សមភាព និងបរិយាបន្ន។

សេចក្តីប្រកាសព័ត៌មានរួមបានបញ្ជាក់យ៉ាងដូច្នេះថា «ភាគីចិនបានគូសបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជា លើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ, គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ, សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ព្រមទាំងប្រឆាំងដាច់ខាត ចំពោះការជ្រៀតជ្រែកពីផ្នែកខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា»

ភាគីកម្ពុជាក៏បានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានពីទឹកដីរបស់ប្រទេសចិន។ កម្ពុជា ប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហានានារបស់តៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន, ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់, គាំទ្រយ៉ាងមុតមាំលើរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ, និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។

ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់ការចូលរួមកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ ប្តូរការងារស្តីពីអភិបាលកិច្ច។ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ, បន្តធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាមានជាអាទិ៍សេវាសុខាភិបាល និងភស្តុភារកម្ម, ការបណ្តុះបណ្តាលបុគ្គលិក និងការបោសសម្អាតមីន, ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែត, ការក្លែងបន្លំតាមទូរគមនាគមន៍, និងការជួញដូរគ្រឿងញៀនផងដែរ៕