(កែប)៖ ជនសង្ស័យជាមុខសញ្ញា ចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ រួមជាមួយថ្នាំ​៦កញ្ចប់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យ កណ្តាលប្រឆាំងបទល្មើសខេត្ត សហការជាមួយកម្លាំងនគរបាលស្រុក និងប៉ុស្តិ៍នគរបាលមូលដ្ឋាន ដឹកនាំដោយលោកវរសេនីយ៍ឯក ងួន សាម៉េត ស្នងការរងខេត្ត បង្ក្រាបបាន​នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវលំក្រាលគ្រួសក្រហម ខាងត្បូងវត្តភ្នំលាវ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ម​ន្ដ្រីនគរបាលជំនាញ​ បាន​ឲ្យដឹងថា ជនសង្ស័យដែលឃាត់បានឈ្មោះ តាន់ ពោ អាយុ២៦ឆ្នាំ រស់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត ហើយក្នុងនោះមន្ដ្រីជំនាញដកហូតបាន ​ថ្នាំញៀនប្រភេទម៉ាទឹកកក​៦កញ្ចប់ ម៉ូតូមួយគ្រឿង លុយវៀតណាម ៣០០,០០០ដុង​ និងសម្ភារៈមួយចំនួនទៀត។

​ក្រោយពីឃាត់ខ្លួនជនសង្ស័យ ត្រូវ​បានបញ្ជូនទៅសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់៕