(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបនឹងការលើកឡើងរបស់លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ដែលបានលើកឡើងថា «គណបក្សសង្គ្រោះជាតិ គឺសុំតែសិទ្ធ និងសុខតែប៉ុណ្ណោះ» ប៉ុន្តែត្រូវបានលោក គឹម សន្តិភាព អះអាងថា សិទ្ធិត្រូវបានធានាក្នុងក្របខ័ណ្ឌនៃច្បាប់ និងមិនប៉ះពាល់ដល់បុគ្គលដទៃ !។

លោក គឹម សន្តិភាព បានលើកឡើងយ៉ាងដូច្នេះឆ្លើយតបវិញថា «សិទ្ធិត្រូវបានធានាក្នុងក្របខ័ណ្ឌនៃច្បាប់ និងមិនប៉ះពាល់ដល់បុគ្គលដទៃ! គ្មានសេចក្តីសុខ​ណាដែលកើត​ចេញពីអំពើល្មើសច្បាប់នោះឡើង សម្រាប់សង្គមនីតិរដ្ឋ !»

ការឆ្លើយតបរបស់លោក គឹម សន្តិភាព នៅពេលនេះធ្វើ បន្ទាប់ពី លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានលើកឡើង នៅក្នុងវេទិកានយោបាយ ពិសេសមួយស្ដីពីនយោបាយក្នុងប្រទេស និងនយោបាយការបរទេស នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិថា «គណបក្សសង្រ្គោះជាតិ សុំតែសុខ និងសិទ្ធិ»

សូមជំរាបថា  លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសំងំលាក់ខ្លួន ទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ អស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីតុលាការចេញ វិធានការចំពោះបទល្មើស មិនចូលខ្លួនឆ្លើយបំភ្លឺ តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មក ហើយតុលាការក្រុងភ្នំពេញគ្រោងនឹង កាត់ទោសលោក នៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ៕