(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញអំពីហេតុផល២ចំណុចសំខាន់ៗ ដែលជំរុញឱ្យ គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមដោយផ្ទាល់ និងថ្លែងសុន្ទរកថា សន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ខណៈមេដឹកនាំផ្សេងៗ ខណៈមេដឹកនាំអាស៊ានផ្សេងទៀត អញ្ជើញឱ្យចូលរួមតាមអនឡាញប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម និងថ្លែងសុន្ទរកថាពិសេស​ នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) តបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក។

ឆ្លើយនឹងសំណួរ Fresh News ក្នុងសន្និសីទសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ហ្សង់ហ្វ្រង់ស័រ តាន់ បានបង្ហាញហេតុផល២ចំណុច ដែលធ្វើឱ្យ UN-ESCAP អញ្ជើញសម្តេចធិបតី ចូលរួមដោយផ្ទាល់។

លោកបញ្ជាក់ដូច្នេះថា៖ «តាមការយល់ឃើញរបស់ខ្ញុំ អាចមានមូលហេតុ២យ៉ាងយ៉ាងតិច ទី១៖ នៅក្នុងឆ្នាំ២០២៤នេះ បើយោងតាមការព្យាករណ៍របស់ស្ថាប័នអន្តរជាតិនានាជាពិសេស IMF កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកើនដល់៦.១ភាគរយ នៅឆ្នាំ២០២៤ ការព្យាករណ៍នេះ បើក្លាយជាការពិតមែន គឺកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជានឹងខ្ពស់ជាងគេ នៅក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ បានន័យថា បើនិយាយអំពីល្បឿននៃការអភិវឌ្ឍ ក្នុងឆ្នាំ២០២៤ ដោយផ្អែកទៅលើតែកំណើនសេដ្ឋកិច្ចកម្ពុជាជាប្រទេសមានការអភិវឌ្ឍលឿន»

មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្តបញ្ជាក់អំពីមូលហេតុទី២ថា «ម្យ៉ាងទៀត ប្រជាជនកម្ពុជាជាប្រជាជនដែលមានវ័យក្មេង មានថាមពលខ្លាំងជាង៥០ភាគរយ នៃប្រជាជនកម្ពុជា សព្វថ្ងៃមានអាយុក្រោម២៥ឆ្នាំ។ ភាពវ័យក្មេង និងថាមពល នៃប្រជាជនកម្ពុជា សុទ្ធសឹងតែជាចលករ នៃការអភិវឌ្ឍលឿនរហ័ស នៃសង្គមសេដ្ឋកិច្ច សុទ្ធសឹងតែជាកម្លាំង ដែលស្រូបបានលឿនរហ័សការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល»

សូមបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ UN-ESCAP នៅឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដោយពិភាក្សាអំពីសក្តា​នុ​ពល​នៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការ​ដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕