(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងដៃគូអភិវឌ្ឍ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ លើសេចក្តីព្រាងកញ្ចប់ស្តង់ដាវាយតម្លៃសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញាបត្រវិជ្ជាជីវៈ១ ជំនាញការិយាល័យជួរមុខ និងជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ មុនស្នើសុំការអនុម័តពីគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

គួរជម្រាបថា ការរៀបចំស្តង់ដាវាយតម្លៃសមត្ថភាពសម្រាប់គុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញាបត្រវិជ្ជាជីវៈ១ ជំនាញការិយាល័យជួរមុខ និងជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនេះ គឺដើម្បីផ្ដល់ការបណ្ដុះបណ្ដាលរួមដូចគ្នាដល់សិក្ខាកាម ហើយនៅពេលសិក្ខាកាមទទួលបានជំនាញ ក៏មានសមត្ថភាពប្រកបដោយស្ដង់ដាដូចគ្នាដែរ។

លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់ មុនឈានដល់ដំណាក់កាលចុងក្រោយនេះ ក្រុមការងារអ្នកជំនាញការ និងលោកគ្រូអ្នកគ្រូទាំងអស់បានឆ្លងកាត់ដំណាក់កាលរៀបចំឯកសារសំខាន់ៗរួមមាន៖ (១)កម្រងសមត្ថភាព (២)ស្តង់ដាសមត្ថភាព (៣)កម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព និងជាចុងក្រោយគឺកញ្ចប់វាយតម្លៃផ្អែកលើសមត្ថភាព ដែលយើងនឹងពិគ្រោះយោបល់នាថ្ងៃនេះផ្ទាល់។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំសាកល្បងគុណវុឌ្ឍិសញ្ញាបត្រវិជ្ជាជីវៈ១ ក្របខណ្ឌគុណវុឌ្ឍិជាតិ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ នឹងផ្តល់នូវច្រកសិក្សា និងការទួលស្គាល់ជំនាញច្បាស់លាស់កម្រិតជាតិ ដល់អ្នកជំនាញទេសចរណ៍កម្ពុជា ហើយអាចចាប់យកការសិក្សា ឬវាយតម្លៃកម្រិតកាន់តែខ្ពស់រហូតទទួលបានវិញ្ញាបនបត្រសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបើកផ្លូវសិក្សាពេញមួយជីវិតដល់យុវជនកម្ពុជាជាពិសេសគាំទ្រដល់យុទ្ធសាស្ត្របណ្តុះបណ្តាវិជ្ជាជីវៈដល់យុវជន១.៥លាន់នាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះផងដែរ។

ម៉្យាងវិញទៀត ដើម្បីគាំទ្រដល់ដំណើរការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់ដំណាក់កាលទី៣ ខាងមុខ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានសហការជាមួយអង្គការ Swisscontact ដើម្បីរៀបចំ “ផែនទីចង្អុលផ្លូវស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ឆ្នាំ២០២៤-២០២៨” ដើម្បីជាចលករចូលរួមសំខាន់ក្នុងការលើកកម្ពស់ជំនាញវិជ្ជាជីវៈ ដោយផ្តោតលើកម្មវិធីអាទិភាពចំនួន ៦ រួមមាន៖ (១) ការវិភាគតម្រូវការជំនាញ និងកម្លាំងពលកម្មក្នុងវិស័យ ទេសចរណ៍ (២) ជំរុញការបណ្តុះបណ្តាល និងកម្មវិធីបណ្តុះបណ្តាលឆ្លើយតបទៅនឹងទីផ្សារការងារ (៣) លើកកម្ពស់គុណភាពការបណ្តុះបណ្តាលនិងបណ្តុះបណ្តាលគ្រូ (៤) ជំរុញភាពជាដៃគូរជាមួយវិស័យឯកជន និងដៃគូរពាក់ព័ន្ធ (៥) ផ្សព្វផ្សាយជំនាញវិជ្ជាជីវៈដល់ស្រទាប់យុវជន និង (៦)កសាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍ ដែលផែនទីចង្អុលផ្លូវនេះគឺជាឯកសារគោលសម្រាប់ចង្អុលបង្ហាញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ក្នុងដំណាក់កាលចាកចេញរបស់គម្រោងអភិវឌ្ឍជំនាញនៅឆ្នាំ២០២៨ ខាងមុខ។

លោករដ្ឋលេខាធិការបានបន្តថា វិស័យទេសចរណ៍ នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នេះ ហើយបានកំណត់ច្បាស់ក្នុងបញ្ចកោណទី២ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង ដោយបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង» ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្មទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានា សំដៅទាក់ទាញ និងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យកាន់តែមានចំនួនច្រើនទ្បើងថែមទៀត ធានាបាននូវការបង្កើតឱកាសការងារនិងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជំរុញការនាំចេញនៅនឹងកន្លែង ដែលចូលរួមដល់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ ជាពិសេសចូលរួមដល់ការអភិរក្សវប្បធម៌ និងការការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕