(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ផាក អានស៊ូ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែេមសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបសម្ដែងការគួរសមជាមួយនាយឧត្តមនាវី អម ស្យុងស៊ូ នាយសេនាធិការចម្រុះ នៃកងទ័ពសាធារណរដ្ឋកូរ៉េ និងជួបពិភាក្សាទ្វេភាគីជាមួយសម ភាគីនាយឧត្តមសេនីយ៍ ផាក អានស៊ូដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេសទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺអនុលោមតាមអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាង កងទ័ពជើងគោកទាំងពីរ កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលបានចុះហត្ថលេខាកាលឆ្នាំ២០២២កន្លងទៅ និងតាមផែនការ សកម្មភាពកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ៕