(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្តីរំពឹងថា ទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា នឹងមានការពិភាក្សាខ្លះៗ អំពីគម្រោងព្រែកជីកហ្វូណនតេជោ ហើយលោកក៏រំពឹងផងដែរថា ទស្សនកិច្ចនេះ នឹងជំរុញកំណើនវិនិយោគ និងពាណិជ្ចកម្មរវាងប្រទេសទាំងពីរ។

ប្រមុខការទូតចិន លោក វ៉ាង យី (WANG YI) ដែលជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញមកដល់កម្ពុជា នៅវេលាម៉ោងប្រមាណ២៖៣០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែមេសា ឆ្នាំ២០២៤។ មុនទស្សនកិច្ចនេះ លោកក៏បានទស្សនកិច្ច នៅប្រទេសឥណ្ឌូនេស៊ី ដែលជាសមាជិកអាស៊ានផងដែរ។ បន្តពីនេះ តាមការផ្សព្វផ្សាយ លោកក៏នឹងទៅប្រទេសមួយទៀត នោះគឺប៉ាពូញូគីណេ។

លោកបណ្ឌិត គិន ភា បានលើកឡើងថា ទស្សនកិច្ចរបស់ លោក វ៉ាង យី មកកាន់ប្រទេសកម្ពុជា មិនបានភ្ជាប់រឿងព្រែកជីកហ្វូណនតេជោនោះទេ ហើយក៏មិនចាំបាច់លាងជម្រះរឿងសហរដ្ឋអាមេរិក និងវៀតណាម ចោទប្រកាន់លើព្រែកជីកនេះដែរ ប៉ុន្តែលោកសង្ឃឹមថា នឹងមានការពិភាក្សាគ្នាខ្លះអំពីរឿងព្រែកជីកហ្វូណនតេជោ។

លោកបណ្ឌិត គិន ភា បានបន្តថា ចិននិងកម្ពុជា ជាប្រទេសដែលបានចុះកិច្ចព្រមព្រៀងក្នុងការកសាងសហគមន៍កម្ពុជា-ចិន ដែលមានជោគវាសនារួម ហើយក្រៅពីនោះប្រទេសទាំងពីរ ជាមិត្តដែកថែប ដែលមានក្របខណ្ឌកិច្ចព្រមព្រៀងដែលមានសារសំខាន់ជាច្រើនទៀត ជាពិសេសកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ រវាងកម្ពុជា-ចិន ដែលទើបចុះហត្ថលេខា កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។

លោកបានបន្ថែមថា ទស្សនកិច្ចនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសេចក្តីសម្រេច នៃកិច្ចព្រមព្រៀងរវាងមេដឹកនាំកំពូលប្រទេសទាំងពីរ​ ជាពិសេសជំរុញការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូរវាងប្រជាជន និងប្រជាជន ព្រោះឆ្នាំនេះជាឆ្នាំផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន។

លោកបណ្ឌិត បានបន្ថែមថា បើពិនិត្យលើទិដ្ឋភាពនយោបាយ កម្ពុជាបានក្លាយជាប្រទេសដ៏មានសារសំខាន់មួយ សម្រាប់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ នៅលើពិភពលោក។ ប្រទេសចិន និងកម្ពុជា គឺត្រូវការគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ហើយទំនាក់ទំនងជិតស្និទ្ធស៊ីជម្រៅរវាងកម្ពុជា ជាមួយប្រទេសចិននេះ ក៏ជាកូនជញ្ជីងដ៏សំខាន់មួយដែរក្នុងការរក្សាតុល្យភាពនៃនយោបាយការបរទេសរបស់ខ្លួន ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។

លោកបានបញ្ជាក់បន្ថែមថា ទស្សនកិច្ចនេះ ក៏នឹងជំរុញវិនិយោគិនចិន មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើង ជាពិសេស ការស្តារឡើងវិញនូវមុខមាត់ក្រុងព្រះសីហនុ ដែលមានការពាក់ព័ន្ធនឹងជនជាតិចិន កន្លងទៅ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏សង្ឃឹមថា នឹងត្រូវបានជំរុញផងដែរ៕