(ភ្នំពេញ)៖ បន្ទាប់ពីទទួលចុះឈ្មោះរយៈពេល ១ខែពេញ នៅពេលនេះវគ្គសិក្សាថ្មីស្តីពី «របៀបសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានចាប់ផ្តើមចូលរៀនហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤នេះ នៅស្នាក់ការ FTC។

វគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងជំនួញ ជំនាន់ទី២នេះ មានសិក្ខាកាមចូលរៀនដែលមួយចំនួនមន្រ្តីរាជការ សមាគមជនពិការ បុគ្គលិកឯកជន ធនាគារ យុវជនសង្គមស៊ីវិល ពេទ្យ និងអាជីវករ ជាដើម។

លោក ណោង វុទ្ធី ដែលជាសិក្ខាកាមមួយរូបក្នុងវគ្គសិក្សានេះ ហើយជាជនមានពិការភាព បានបង្ហាញចំណាប់អារម្មណ៍ចំពោះការសិក្សាយ៉ាងដូច្នេះថា៖ សម្រាប់វគ្គបណ្ដុះបណ្ដាលព័ត៌មានសេដ្ឋកិច្ច ដោយសារតែ ខ្ញុំស្រលាញ់មុខវិជ្ជាមួយនេះ ណាមួយវាក៏ជាជំនាញមួយ ដែលខ្ញុំចង់ដឹង ហើយខ្ញុំក៏បានសុំកន្លែងរៀនគេផ្សេង ហាក់បីដូចជាមិនទូលំទូលាយដូចជាកន្លែង Fresh News ដែលលោកអគ្គនាយកបានផ្តល់ឱកាសឲ្យមករៀននៅទីនេះ ហើយកន្លែងផ្សេងមិនបានអនុញ្ញាតឲ្យរៀនដូចនៅស្ថាប័ន Fresh News ទេ។

លោក ណោង វុទ្ធី បានបន្ដទៀតថា៖ «នៅពេលដែលខ្ញុំចូលមករៀន នៅទីនេះខ្ញុំបានស្ដាប់ពីចម្រុះគ្រប់ស្ថាប័នទាំងអស់ ហើយអ្វីដែលសំខាន់ គឺយើងបានស្ដាប់ពីការបង្រៀនរបស់លោកគ្រូ ដែលគាត់មានជំនាញព័ត៌មានសេដ្ឋកិច្ច និងព័ត៌មានផ្សេងៗទៀត ជាពិសេសយល់ដឹងអំពីការសរសេរព័ត៌មានបានកាន់តែទូលាយថែមទៀត។ សម្រាប់ខ្ញុំអ្វីដែលទទួលបានពី ការបណ្ដុះបណ្ដាលមកវិញទីមួយ គឺខ្ញុំទទួលបានចំណេះ និងជំនាញ ខ្ញុំបានសមត្ថភាពហើយវាជួយពង្រឹងឲ្យខ្លួនរបស់ខ្ញុំអាចនឹងធ្វើឱ្យខ្ញុំមានសមត្ថភាពក្នុងការសរសេរព័ត៌មានបន្ថែមទៀតសម្រាប់ខ្ញុំ វាពិតជាពិបាកណាស់ ក្នុងនាមជាជនពិការយើងធ្វើក្នុងវិស័យសារព័ត៌មានប៉ុន្តែជាចាំបាច់ប្រសិនបើជាពិបាកហើយយើងមិនធ្វើទៀតខ្ញុំគិតថាយើងមិនទទួលបានអីដែលជាការចង់បានរបស់យើងនោះទេ»

លោកបានបន្តថា៖ «មុខវិជ្ជានេះ គឺខ្ញុំស្រលាញ់តាំងពីតូចមកម្ល៉េះ ទោះបីជាខ្ញុំមិនបានធ្វើជាអ្នកសារព័ត៌មានពេញលេញ ក៏ប៉ុន្តែខ្ញុំនៅតែមានចិត្តមួយថាថ្ងៃណាមួយ ខ្ញុំនឹងអាចធ្វើជាអ្នកសារព័ត៌មានបានហើយ ជាពិសេសខ្ញុំនឹងចាប់ឱកាសបានក្នុងនាមខ្ញុំជាជនពិការភ្នែកហើយខ្ញុំនឹងធ្វើអ្នកសារព័ត៌មានមុនគេ។ ខ្ញុំមើលឃើញថា អ្នកពិការភ្នែក អត់មិនទាន់មានអ្នកណាចាប់អារម្មណ៍ទៅ លើវិស័យសារព័ត៌មានខ្លាំងនៅឡើយទេ សម្រាប់ថ្ងៃអនាគតខ្ញុំចង់ក្លាយទៅជាអ្នកផ្សាយព័ត៌មានឱ្យបងប្អូនទាំងអស់ គាត់បានយល់ដឹងពីវិស័យសារព័ត៌មាន ជាពិសេស ខ្ញុំនឹងបញ្ជ្រាបព័ត៌មានពាក់ព័ន្ធទៅលើពិការភាពឱ្យបានច្រើនរាល់ថ្ងៃយើងឃើញហើយថា គ្រប់ក្រសួងស្ថាប័នទាំងអស់ ឲ្យមានការនៅលើកកម្ពស់ទៅលើ ជនពិការភាពទោះបីជា មានការប្រកាសមានការផ្ដល់ឱកាសយ៉ាងណាហាក់បីដូចជាមិនទាន់ មានភាពទូលំទូលាយគ្រប់គ្រាន់នោះទេ»

បន្ថែមពីនេះ លោក ណោង វុទ្ធី ក៏សុំអនុញ្ញាតទៅគ្រប់មជ្ឈដ្ឋានដែលនៅជុំវិញយើងទាំងអស់ពិសេសគ្រប់ស្ថាប័នជាតិទាំងឯកជនទោះបីជាផ្ដល់ឱកាសឲ្យជនពិការក៏ពិតមែន ប៉ុន្តែកន្លែងខ្លះបានយកជនពិការទៅបម្រើការងារក៏ពិតមែនប៉ុន្តែយកគាត់ទៅគឺមួយកន្លែង ហាក់បីដូចជាមិនផ្ដល់ឱកាសក៏ដូចជាផ្ដល់តម្លៃមួយសម្រាប់ជនពិការជាពិសេស សុំឱ្យស្ថាប័នមួយចំនួនដែលពាក់ព័ន្ធលើវិស័យពិការភាពការផ្ដល់ឱកាសឲ្យជនពិការឱ្យបានច្រើន ពិសេសកុំបង្អាក់ទៅលើអ្វីដែលជាចំណូលចិត្តរបស់បងប្អូនជនពិការ។

លោករំពឹងថា នឹងក្លាយទៅជាអ្នកសារព័ត៌មានម្នាក់ដែលចេះទាំងសរសេរ និងអាន ប៉ុន្ដែលទ្ធផលជាក់ស្ដែងរហូតមកដល់ពេលនេះ លោកតែងតែទទួលបាននូវការសើចពីអ្នកដទៃដែលគេតែងតែសួរថាចង់ធ្វើអ្វី នៅពេលដែល លោមប្រាប់គេតែងតែសើចចំអកលោកទៅវិញ។ នេះជាចំណុចដែលលោកគិតថាវាគឺជាកាចំអកសមត្ថភាព ហើយវាក៏ជាកត្តាមួយដែលជំរុញឲ្យជនពិការមួយចំនួនអស់សង្ឃឹម។

ចំណែកឯ លោក ប៊ិន ប៉ែល ដែលជាជនមានពិការភាពដូចគ្នា បានឲ្យដឹងដែរថា ដោយសារតែលោកស្រលាញ់ជំនាញ ហើយណាមួយចង់ឱ្យខ្លួនឯងមានចំណេះដឹងកាន់តែច្រើន ទើបសម្រេចចិត្តចូលរៀនជាមួយ FTC នៅថ្ងៃនេះ។ លោកថា «ខ្ញុំពិតជា មានអារម្មណ៍សប្បាយចិត្ត ទោះបីជាមានការលំបាក ឬស្រួល ក៏ដោយក៏នៅតែបន្តខិតខំរៀនរហូត និងសុំឲ្យលោកគ្រូជួយពន្យល់ ខ្ញុំនឹងព្យាយាមស្ដាប់ការទូន្មានរបស់លោកគ្រូ ដែលគាត់ពន្យល់។ សម្រាប់ការចូលរៀនវគ្គសេដ្ឋកិច្ចនេះ គឺខ្ញុំមិនបានបង់ថ្លៃសិក្សានោះទេ គឺអគ្គនាយករបស់ Fresh News គាត់បានផ្ដល់ការសិក្សាដោយមិនគិតថ្លៃ»

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង៕