(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចាត់លោក គង់ មេត្តា អភិបាលស្រុកសំបូរ និងក្រុមការងារ ចុះសួរសុខទុក្ខ នាំយកអំណោយថវិកា គ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួន ១១នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ។

លោក គង់ មេត្តា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក វ៉ា ថន អភិបាល ដែលមានការព្រួយបារម្ភពីសុខភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ និងបានប្រគល់ថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ។

លោកវេជ្ជបណ្ឌិត ផាត់ តុលា ប្រធាន មន្ទីរពេទ្យបង្អែកស្រុកសំបូរ បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃនេះ ស្ថានភាពសុខភាពរបស់អ្នកជំងឺប្រសើឡើងវិញហើយ តែក្រុមគ្រូពេទ្យនៅបន្តតាមដានសុខភាពពួកគាត់បន្ត ហើយរង់ចាំលទ្ធផលវិភាគ ដើម្បីឲ្យដឹងពីមូលហេតុថា ពុលនំបញ្ចុក ឬបន្លែ ឬក៏មានមូលហេតុអីផ្សេង។

អ្នកស្រី នៅ ជាតិ អ្នកមើលថែអ្នកជំងឺដែលមកពីភូមិឃុំកើតហេតុ គឺមានសមាជិកក្នុងគ្រួសារបួននាក់ដែលពុលនៅក្នុងហេតុការណ៍នោះ ក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត និងអភិបាលស្រុកដែលបានចុះមកសួរសុខទុក្ខ និងនាំយកនូវថវិកាមកចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងតែជួបការលំបាក។

គួរបញ្ជាក់ថា មនុស្សក្មេងចាស់ប្រុស ស្រីចំនួនចំនួន១១នាក់ខាងលើ ត្រូវបានគេបញ្ជូនពីភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម តាមទូកឆ្លងទឹកទន្លេមេគង្គ មកកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរ អំឡុងម៉ោង ១២៖០៣រំលងអាធ្រាត្រ ក្រោយពីពួកគាត់បានទទួលទាននំបញ្ចុកដែលអ្នកភូមិលក់នៅក្នុងមូលដ្ឋានខាងលើ មានឈ្មោះ៖

* ១៖ រី ស្រីតុប ភេទស្រី អាយុ២៣ឆ្នាំ
* ២៖ កុយ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ
* ៣៖ អ៊ុំ សុខខែង ភេទស្រី អាយុ៤៤ឆ្នាំ
* ៤៖ រី សុខី ភេទស្រី អាយុ៧ឆ្នាំ
* ៥៖ ថាច ជីតា ភេទស្រី អាយុ៤ឆ្នាំ
* ៦៖ ឈឿន ស្រីយុទ្ធ ភេស្រី អាយុ១១ឆ្នាំ
* ៧៖ ឈឿន ឆាលី ប្រុស អាយុ១៤ ឆ្នាំ
* ៨៖ ស្រី មឿន ភេទប្រុស អាយុ៤៩ ឆ្នាំ
* ៩៖ សែម ឈុន ភេទប្រុស អាយុ៣៣ឆ្នាំ
* ១០៖ ថាច ឆៃ ភេទបប្រុស ១៦ឆ្នាំ
* ១១៖ រី សុខៃ ភេទស្រី អាយុ១០ឆ្នាំ

អ្នកទាំងអស់គ្នាមកពីភូមិសន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុក ក្រោមការមើលថែពីក្រុមគ្រូពេទ្យ សុខភាពរបស់ប្រជាពលរដ្ឋទាំងនោះមានសភាពធូរស្រាលវិញហើយ៕