(ភ្នំពេញ)៖ ឧកញ៉ា គិត ស៊ូឡា ដែលជាកូនប្រុសរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តែងតាំងលោកឧកញ៉ា ជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ។

អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ នៅពីក្រោយក្រុមហ៊ុន រ៉ូយាល់ គ្រុប បានថ្លែងថា «ជាងបីទសវត្សរ៍មកនេះ ខ្ញុំបានកសាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឲ្យក្លាយជាក្រុមហ៊ុន ពហុផលិតផលឈានមុខគេ ដែលមានម៉ាកយីហោត្រូវបានទទួលស្គាល់បំផុត នៅក្នុងប្រទេស។ ថ្ងៃនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសថា គិត ស៊ូឡា នឹងចូលរួមជាមួយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប»

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកឧកញ៉ា គិត ស៊ូឡា ដែលពេលនេះមានវ័យ១៩ឆ្នាំ បានយល់ដឹងពីមុខជំនួញរបស់ក្រុមហ៊ុន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ។ ដោយទទួលបានការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និងបច្ចុប្បន្ន កំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរី លោកឧកញ៉ា ស៊ូឡា ត្រៀមខ្លួនរួចជាស្រេច ក្នុងការខិតខំឲ្យអស់ពីសមត្ថភាព។ ក្នុងតួនាទីថ្មីរបស់លោកឧកញ៉ាជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ លោកនឹងកាន់តំណែងសំខាន់នេះ ក្នុងការបង្កើតឲ្យកាន់តែមានភាពចម្រុះ និងធ្វើឲ្យចំណូលក្រុមហ៊ុនប្រសើរឡើង នៅក្នុងពិភពឌីជីថល។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បង្កើតឡើងក្នុងឆ្នាំ ១៩៩១ គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ ជាយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអាជីវកម្មដែលមានថាមពល និងភាពចម្រុះបំផុតរបស់ប្រទេស។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធអាជីវកម្មជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស៕