(អូស្ត្រាលី)៖ ក្នុងកិច្ចសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោកលើកទី ២៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយសំណើរបស់កម្ពុជា ត្រូវបានសមាជិកអង្គប្រជុំ គាំទ្រយ៉ាងផុលផុស។

សាលាជាតិគយ ត្រូវបានអនុម័តដាក់ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (WCO Regional Training Centre - RTC AP) តាមសំណើរបស់រដ្ឋបាលគយកម្ពុជា។

បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមសន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការគយពិភពលោកលើកទី ២៥។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមផ្ទាល់ពីគណៈប្រតិភូនៃរដ្ឋបាលគយចំនួន ៣១ប្រទេស, អគ្គលេខាធិការនៃអង្គការគយពិភពលោក (WCO) ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ROCB/AP) និងការិយាល័យទំនាក់ទំនងបណ្ដាញព័ត៌មានសម្ងាត់ប្រចាំតំបន់អាស៊ី -ប៉ាស៊ីហ្វិក (RILO/AP) និងចូលរួមតាមប្រព័ន្ធ Zoom ចំនួន ៤ ប្រទេស។

ក្នុងមតិចាប់ផ្តើមសនិ្នសីទលោក Michael Outram អគ្គនាយកនៃកងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី (Australia Border Force - ABF) និងជាអនុប្រធានអង្គការគយពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានសម្តែងមតិស្វាគមន៍ ចំពោះគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងសន្និសីទនេះ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយនៃប្រទេសជាសមាជិក ក្នុងតំបន់ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការគ្នា អនុវត្តដោយជោគជ័យ នូវផែនការយុទ្ធសាស្ត្រ តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Regional Strategic Plan - RSP) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការការពារសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់។

លោកក៏បានថ្លែងអំណរគុណ ដល់អង្គការគយពិភពលោក (WCO) និងដៃគូអភិវឌ្ឍនានា ដែលតែងតែគាំទ្រដល់រដ្ឋបាលគយ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អង្គសន្និសីទបានដំណើរការយ៉ាងផុលផុសក្រោមរបៀបវារៈមួយចំនួនរួមមាន៖ ១. របាយការណ៍ស្តីពី គំនិតផ្តួចផ្តើម និងគោលនយោបាយកែទម្រង់របស់ WCO, ២. អនុម័តផែនការយុទ្ធសាស្ត្រតំបន់អាស៊ី-ប៉ាស៊ីហ្វិកRSP ឆ្នាំ២០២៤-២០២៦, ៣. របាយការណ៍នៃការអនុវត្តផែនការ សកម្មភាពកសាងសមត្ថភាពប្រចាំតំបន់របស់ (ROCB/AP) និងការងាររបស់ RILO/AP ពាក់ព័ន្ធនឹងការចែករំលែកព័ត៌មានសម្ងាត់, ៤. របាយការណ៍ ស្តីពីការអនុវត្តគម្រោងអន្តរតំបន់ (តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងតំបន់អាមេរិក និងការីប៊ីន) លើសមភាពយេនឌ័រ និងគម្រោងតំបន់ ស្តីពីការគ្រប់គ្រងកាកសំណល់ប្លាស្ទិក, ៥. អនុម័តលើសំណើរបស់រដ្ឋបាលគយកម្ពុជា ក្នុងការដាក់សាលាជាតិគយ ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក WCO Regional Training Centre - RTC AP និងគាំទ្ររដ្ឋបាលគយឥណ្ឌាលើសំណើបន្ថែម ហេដ្ឋារចនាសម្ព័ន្ធក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់, ៦. ពិភាក្សានិងកត់សំគាល់លើរបាយការណ៍ ស្តីពីកំណែទម្រង់ និងទំនើបកម្មរចនាសម្ព័ន្ធអង្គការគយពិភពលោក, ៧. គាំទ្រក្របខណ្ឌគោលការណ៍ នៃការកែលំអសមត្ថភាពសុនខ និងការបង្កើតមជ្ឈមណ្ឌលសុនខ នៃអង្គការគយពិភពលោក, ៨. គាំទ្របេក្ខភាពតំណាងរដ្ឋបាលគយ ពីតំបន់អាស៊ីប៉ាស៊ីហ្វិកទៅក្នុងគណៈកម្មាធិការនានា នៃអង្គការគយពិភពលោក, និង ៩. បញ្ហាផ្សេងៗ។

នៅក្នុងកិច្ចប្រជុំនេះ បណ្ឌិត គុណ ញឹម បានធ្វើបទអន្តរាគមន៍លើរបៀបវារៈមួយចំនួន និងបានថ្លែងអំណរគុណ ដល់សមាជិកអង្គប្រជុំដែលបានថ្លែងមតិគាំទ្រយ៉ាងផុលផុស លើសំណើរបស់រដ្ឋបាលគយកម្ពុជា ក្នុងការដាក់បញ្ចូលសាលាជាតិគយកម្ពុជា ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ឆ្លៀតក្នុងឱកាសនៃសនិ្នសីទនេះ គណៈប្រតិភូនៃរដ្ឋបាលគយកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ៖ ១. គណៈប្រតិភូនៃរដ្ឋបាលគយហុងកុង លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគយ និងទំនាក់ទំនងកាន់តែ ជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើផ្នែកប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាត (AEO), ២. គណៈប្រតិភូនៃ រដ្ឋបាលគយម៉ុងហ្គោលី ដើម្បីពិនិត្យលទ្ធភាពរៀបចំសេចក្តីព្រាង អនុស្សរណៈយោគយល់គ្នាលើការជួយគ្នាទៅ មកលើការងារគយ ដោយផ្ដោតជាពិសេស លើការបណ្ដុះបណ្ដាលធនធានមនុស្ស។

គួរបញ្ជាក់ផងដែរថា តួនាទីជាប្រធានកិច្ចប្រជុំរដ្ឋបាលគយតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអង្គការគយពិភពលោក (បច្ចុប្បន្នមានសមាជិក ៣៥ ប្រទេស) មានរយៈពេល ២ឆ្នាំ ហើយកិច្ចប្រជុំលើកនេះ ជាកិច្ចប្រជុំលើកចុងក្រោយ ដែលដឹកនាំដោយអគ្គនាយកអង្គភាពកម្លាំងព្រំដែនអូស្រ្តាលី (ABF) ហើយរដ្ឋបាលគយហុងកុងនឹង ទទួលបន្តវេនជាប្រធានចាប់ពីខែកក្កដា ឆ្នាំ២០២៤ សម្រាប់រយៈពេល ២ឆ្នាំបន្ទាប់៕