(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតថ្លែងអំណរគុណ គោរពជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចបានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ដែលត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា។

លិខិតរបស់អ្នកឧកញ៉ា លាង ម៉េង មានខ្លឹមសារដូច្នេះថា «ខ្ញុំបាទ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសាររំលែកទុក្ខ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ របស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានសម្តែងនូវមនោសញ្ចេតនា សមានទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសាររបស់ខ្ញុំបាទ ចំពោះមរណភាពរបស់ អ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) ដែលត្រូវជាឪពុក ឪពុកក្មេក ជីតា ជីតាទួត របស់គ្រួសារយើងខ្ញុំ នាថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ១០:០៥នាទីព្រឹក ក្នុងជន្មាយុ៨៣ឆ្នាំ ដោយជរាពាធ។

ខ្ញុំបាទសូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំក្នុងពិធីបុណ្យ សពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន ស្របតាមប្រពៃណី និងព្រះពុទ្ធសាសនា។ សារលិខិតចែក រំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត គឺជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ និងភរិយា ព្រមទាំងគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លា របស់សម្តេចកិត្តិសង្គហបណ្ឌិត បានឡើយ។

ខ្ញុំបាទសូមគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕