(ភ្នំពេញ)៖ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន

៣សែននាក់ ដោយគិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ រយៈពេល៤ថ្ងៃនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនា និងលេងកម្សាន្ត នៅសង្ក្រាន្តវត្តភ្នំ ប្រមាណ១លាន ៣សែននាក់។

ក្នុងនោះ សម្រាប់ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមចូលឆ្នាំខ្មែរប្រពៃណីជាតិជាង ២៣ម៉ឺននាក់ថ្ងៃទី២ ប្រមាណ២៥ម៉ឺននាក់ ថ្ងៃទី៣ ប្រមាណ៣០ម៉ឺននាក់ និងថ្ងៃទី១៦ មេសា ដែលជាថ្ងៃចុងក្រោយ គឺចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកើនឡើងរហូតដល់ ចំនួន ៥២ម៉ឺននាក់។ បើសរុបទាំង៤ថ្ងៃ នៃពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកទស្សនា និងលេងកម្សាន្ត នៅសង្ក្រាន្តវត្តភ្នំប្រមាណ១លាន៣សែននាក់។

ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីនេះ គឺបានដំណើរការទៅដោយរលូន ពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ដោយសារកម្លាំងមានសមត្ថកិច្ចបានល្បាត នៅគ្រប់ទីកន្លែង និងការពារបានយ៉ាងល្អដើម្បីបង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕