(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ គឺជាខួប៤៩ឆ្នាំ នៃការឡើងកាន់អំណាច​របស់​ពួកខ្មែរក្រហម។ ៤៩ឆ្នាំមុន ថ្ងៃនេះ គឺថ្ងៃដែលធ្វើឱ្យប្រជាពលរដ្ឋនៅ​ក្នុងក្រុងភ្នំពេញ ជួបភាពវឹកវរឥតគណនា ហើយត្រូវជម្លៀសដោយបង្ខំចេញពីលំនៅដ្ឋានទៅកាន់ទីជនបទ។ ក្តីរំពឹងចំពោះរបបថ្មីដែលកើតចេញពីបដិវត្តរបស់ខ្មែរក្រហមថា នឹងនាំឱ្យពួកគេទទួលបាន​សុខសន្តិភាព ឆ្ពោះទៅរកភាពល្អប្រសើរនោះ បែរជារលាយសូន្យសុង ប្រែក្លាយជារបបយង់​ខ្នង​ព្រៃផ្សៃបំផុត​មួយនៅលើពិភពលោក។

ការជ្រួលច្របល់ ចាប់ផ្ដើមឡើងនៅព្រឹកព្រលឹម នៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺនៅ​ពេល​ដែលគេឃើញកងទ័ពកុម្មុយនិស្តខ្មែរក្រហមស្លៀកពាក់ខ្មៅ បានសម្រុកចូលទីក្រុង​ភ្នំពេញ ពីគ្រប់ច្រក។

សមរភូមិចុងក្រោយថ្ងៃ ១៧មេសា កងទ័ពសាធារណរដ្ឋខ្មែរលើកទង់ជ័យស ព្រមចុះ​ចាញ់។ ចំណែកប្រជាជននៅទីក្រុងទាំងអស់នាំគ្នា ចេញមកស្វាគមន៍ការចូលមកដល់របស់​កងទ័ពខ្មែរក្រហមដែលពាក់ឈុតខ្មៅ កាន់អាវុធគ្រប់ដៃមានអាកា៤៧ គ្រាប់បែក និងស្ពាយបេ។ ប្រជាជនទាំងអស់រីករាយ ហើយសង្ឃឹមថា ប្រទេសជាតិ មានសន្តិសុខ សុខសាន្តត្រាណ ហើយព្រោះកងទ័ពខ្មែរក្រហមនោះ ស្ថិតក្រោមរដ្ឋាភិបាល ដែលមាន​សម្តេច សីហនុ ជាប្រមុខនោះ។

ចាប់ពីចូលបានកាន់អំណាច នៅថ្ងៃទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហម នៅតែបន្តហៅ​ខ្លួន​ឯងថាជា «រដ្ឋាភិបាលរួបរួមជាតិកម្ពុជា» ដដែលក៏ប៉ុន្តែអំណាចពិតប្រាកដមិនមែន ស្ថិតក្នុងដៃរដ្ឋាភិបាលរួបរួមជាតិនេះទេ គឺស្ថិតក្នុងដៃពួកខ្មែរក្រហមតែម្នាក់ឯង។

យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់ គឺទាហានខ្មែរក្រហមដែលមានសម្លៀកបំពាក់ខ្មៅ​ភាគច្រើនជាក្មេងមានអាយុចន្លោះពី១៦ ទៅដល់១៧ឆ្នាំ ហើយពួកគេមានទឹកមុខមាំមិន​ញញឹមញញែមបន្តិចសោះ។ ទាហានទាំងនោះ បានប្រកាសឲ្យប្រជាជនចេញពីទីក្រុង ២ទៅ៣ថ្ងៃ ដោយមិនចាំបាច់យកសម្ភារៈទៅច្រើនទេ ព្រោះប្រជាជនទាំងនោះ​អាចត្រឡប់​មកស្រុកវិញក្រោយពេល២ ឬ៣ថ្ងៃទៀតបាន។

ប្រជាជនណាដែលដើរយឺតត្រូវកងទ័ពខ្មែរក្រហាមបាញ់សម្លាប់ចោលនៅតាមផ្លូវ ហើយ​ប្រជា​ជនរាប់សែននាក់ ដែលព្យាយាមចាកចេញពីក្រុងតាមបទបញ្ជានោះដឹងច្បាស់ថា ពួកគេទំនងជាគ្មានវាសនាត្រលប់មកជួបជុំបងប្អូនម្តាយឪពុកនៅផ្ទះវិញឡើយ។ ប្រជាជន​ខ្លះដែលចាស់ជរានោះដួលឈឺដេករណូករណែលតាមផ្លូវ សូម្បីអ្នកជំងឺដែលដើរ​មិនរួច​នោះ​ក៏ត្រូវបង្ខំចិត្តវារចេញពីមន្ទីរពេទ្យ ជាមួយមនុស្សរាប់សែននាក់ទៀតដែរ។

ក្រៅពីជម្លៀសមនុស្សចេញពីក្រុង ខ្មែរក្រហមបានលុបចោលនូវរាល់កម្មសិទ្ធិឯកជន ហើយ​រូបីយវត្ថុជាតិត្រូវគេបោះបង់ ធនាគារជាតិរងការបំផ្លិចបំផ្លាញ មិនដំណើការឡើយ។ ទីតាំងរោងចក្រឧស្សាហកម្មវិញនោះត្រូវគេបោះបង់ចោល គ្មានដំណើរការទេ គ្មានឡើយកម្មសិទ្ធឯកជន ព្រោះគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វត្តអារ៉ាមដែលធ្លាប់ជាកន្លែងសក្ការៈបូជាតាមបែបព្រះពុទ្ធសាសនានោះត្រលប់ទៅកន្លែងចិញ្ចឹមជ្រូក ហើយព្រះសង្ឃត្រូវខ្មែរក្រហមចាប់ផ្សឹក និងធ្វើទុក្ខបុកម្នេញ ឬសម្លាប់ផងក៏មាន។

រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ជាពេលវេលាដែលជាតិកម្ពុជាជួបនូវវិនាសកម្ម ជួបក្តីអន្តរាយ ក្លាយជាប្រទេសអន់ថយ។ ប្រជាពលរដ្ឋរងទុក្ខវេទនា និរាស្ត្រព្រាត់ប្រាស់យ៉ាងឈឺចាប់ខ្លោចផ្សារជាទីបំផុត និងគ្មានអ្វីប្រៀបផ្ទឹមបាននោះឡើយ។ ប្រជាពលរដ្ឋខ្មែរត្រូវបង្ខំធ្វើស្រែចំការ គ្មានសិទ្ធិសេរីភាពក្នុងការប្រារព្ធទំនៀមទម្លាប់ ប្រពៃណី សាសនា និងទាមទារអ្វីដែលសិទ្ធិផ្តល់ពីកំណើតនោះឡើយ សូម្បីតែសិទ្ធិរស់។ ជីវិតពលរដ្ឋខ្មែរប្រៀបដូចជាធ្លាក់ឋាននរកទាំងនៅមានជីវិត។

រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមកណ្តាប់ដៃបនប្រល័យ ប៉ុលពត បានធ្វើឱ្យពលរដ្ឋខ្មែរ ជាង ១.៧លាននាក់ ទៅ ២.២លាននាក់ ត្រូវបានបាត់បង់ជីវិត ដោយការសម្លាប់ ការបង្អត់អាហារ ជំងឺតម្កាត់ និងអំពើអមនុស្សធម៌ដ៏យង់ឃ្នង់ផ្សេងៗទៀត៕