(ភ្នំពេញ)៖ ប្រជាពលរដ្ឋ មកពីភូមិព្រែកតាគង់មួយ​ និងភូមិខ្វា​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានគ្នាប្រមាណ៧០នាក់​ បាននាំគ្នាឡើងមកជួបជុំ នៅមុខក្រសួងរៀបចំដែនដីនគរូនីយកម្ម​  និងសំណង់ នាវេលាម៉ោង ០៩៖០០នាទី ​ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០១៦​ ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បីបន្តតាមដានលិខិតពាក្យបណ្តឹង និងសុំជួប ជាមួយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជួយអន្តរាគមន៍ ជម្លោះដីធ្លីជាមួយក្រុមហ៊ុន ING HOLDING របស់ឧកញ៉ា អឹុង ប៊ុនហូវ។

មន្រ្តីក្រសួងរៀបចំដែនដី បានឲ្យដឹងថា ប្រជាពលរដ្ឋ ទាំងនេះ បានជួបជុំគ្នា ក្នុងគោលបំណង ដើម្បី តាមដានលិខិតទាក់ទង និងការស្នើសុំ​ កាត់ដីរបស់សហគមន៍ចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុបហ៊ុន​ ING HOLDIING​ និងសុំប័ណ្ណកម្មសិទ្ធិដីធ្លី​និង គោលបំណងសំខាន់ ចង់ជួបជាមួយ ជា​ សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូនីយកម្ម​  និងសំណង់ ដើម្បីជួយអន្តរាគមន៍។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានឲ្យដឹងថា នៅពេលនេះលោក កំពុងជួបជាមួយប្រជាពលរដ្ឋ ទាំងនេះ ដើម្បីពន្យល់ពីបញ្ហាខាងលើ៕