(កណ្តាល)៖​ ក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោក ឌិត ទីណា រដ្ឋលេខាធិការ និងដោយមានការចូលរួមពីកម្លាំងនគរបាល នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ បាន និងកំពុងចុះប្រតិបត្តិការល្បាតចល័ត ត្រួតពិនិត្យ និងបិទសកម្មភាពរណ្តៅដី ដែលធ្វើអាជីវកម្មខុសបច្ចេកទេស នៅម្តុំស្ពានគុណគ្រូ តាមផ្លូវលេខ៤១ ក្នុងទឹកដីស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមជម្រាបថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញ ក្រុមការងាររបស់ក្រសួងរ៉ែ និងថាមពល ដឹកនាំផ្ទាល់ដោយើលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ បានចុះទៅបិទរណ្តៅដីចំនួន២ទីតាំង នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលខុសបទដ្ឋានបច្ចេកទេស។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលចុះទៅពិនិត្យរណ្តៅដីទាំងនោះ កម្លាំងសមត្ថកិច្ចចំរុះ បានឃាត់រថយន្តដឹកដី ជាច្រើនគ្រឿង ដែលបានដឹកជញ្ជូនខុសបច្ចេកទេស តាមដងផ្លូវ ហើយតាមច្បាប់បើរថយន្តដឹកដីទាំងឡាយណា ដឹកខុសបច្ចេកទេសពីរណ្តៅដីណា គឺបិទរណ្តៅដីនោះតែម្តង៕