(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាប និងបិទទីតាំង ល្បែងជល់មាន់ និងបាញ់អាប៉ោង ដែលបើកដំណើរការ៤ឆ្នាំហើយ ស្ថិតនៅឃុំស្វាយ ក្រោយមានប្រជាពលរដ្ឋ នៅតំបន់នោះបានស្នើសុំឲ្យចាត់វិធានការ។

មន្រ្តីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅកាន់ទីតាំងល្បែងមួយនេះ ហើយសម្រេចរុះរើមិនឲ្យដំណើរការទៀតឡើយ ប៉ុន្តែសម្រាប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច មិនបានដកហូតសម្ភារអ្វីនោះឡើយ ដោយសារតែពួកអ្នកលេងល្បែងទាំងនេះ បានចាកចេញទៅអស់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានស្នើឲ្យសមត្ថកិច្ច ពិសេសថ្នាក់ដឹកនាំធំៗ មេត្តាជួយបង្ក្រាបទីតាំងបើកល្បែងស៊ីសង ដូចជា បាញ់អាប៉ោង ជល់មាន់ មួយកន្លែងដែលមានម្ចាស់ជាទាហានម្នាក់ឈ្មោះ ឆង ឋានៈវរសេនីយ៍ត្រី ផ្នែកគីមីសាស្ដ្រ ហើយបានបើកដំណើរការជាង៤ឆ្នាំមកហើយ មិនឃើញសមត្ថកិច្ចណាមកក្បែរសោះ។

បើតាមលិខិតស្នើរបស់ប្រជាពលរដ្ឋ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «រយៈពេលជាង៤ឆ្នាំហើយ មិនទាន់មានសមត្ថកិច្ចណាមួយ មកបង្ក្រាបបនល្បែងនេះបានឡើយ ព្រោះពេលមានសមត្ថកិច្ចចុះទៅបង្ក្រាបម្ដងៗ មេបនល្បែង ឈ្មោះ ឆង តែងតែបានទទួលដំណឹងជាមុន ជាហេតុធ្វើឲ្យសមត្ថកិច្ចមិនអាចចុះបង្ក្រាបបាន ពោលគឺស្នងការខេត្តកំពង់ឆ្នាំង ធ្វើមិនដឹងមិនឮ»

ពលរដ្ឋ បានឲ្យដឹងថា នៅពេលមានប្រជាជនក្នុងភូមិប្ដឹងទៅសមត្ថកិច្ចខេត្ត ស្រាប់តែមានអាជ្ញាធរស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ផ្ដល់ដំណឹងភ្លាមទៅដល់មេបនល្បែងឈ្មោះ ឆង ហើយទីតាំងនេះតែងតែចល័ត ទៅលេងភូមិមួយទៅភូមិមួយ នៅក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ដែលបានជូនពេលខ្លះចល័តទៅលេង នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ជាខេត្តដែលមានភូមិសាស្រ្ដ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង៕