(ក្រចេះ)៖  ក្រុមចោរប្លន់​២នាក់ប្រដាប់ ដោយអាវុធខ្លី ១ដើម ជិះម៉ូតូ១គ្រឿង តាមពីក្រោយរថយន្តបុរសម្នាក់ រកសីុវេលុយ ហើយបានធ្វើសកម្មភាពប្លន់ ខណៈជនរងគ្រោះបានចុះ​ពីឡានបម្រុងដើរ​ចូលផ្ទះ ​នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅមុខផ្ទះជនរងគ្រោះ ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ព្រមទាំងវាយក្បាលរបួសធ្ងន់ធ្ងរផងដែរ។

អធិការនគរបាលក្រុងក្រចេះ បានឲ្យដឹងថា ជនសង្ស័យមាន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកHonda Dream ប្រដាប់ដោយអាវុធខ្លី១ដើម បានជិះម៉ូតូតាមពីក្រោយរថយន្តរបស់ជនរងគ្រោះ ដែលជិះ២នាក់​ប្តីប្រពន្ធ ត្រឡប់មកពីផ្សារ លុះទៅដល់មុខផ្ទះ​បម្រុងនឹងចូល​ ស្រាប់តែមានជនសង្ស័យម្នាក់ ប្រដាប់ដោយអាវុធខ្លីបានស្ទុះ ចុះលើម៉ូតូភ្ជង់គំរាមកុំឲ្យស្រែក និងបានវាយជនរងគ្រោះ មួយស្នាប់កាំភ្លើង​ចំក្បាល រួច​យកការបូប​ជិះគេចខ្លួនបាត់។ ​

អធិការក្រុងក្រចេះ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៊ូ ដាណេ អាយុ៣៤ឆ្នាំ មុខរបរជាអ្នករកស៊ីផ្ទេរប្រាក់ នៅផ្សារក្រចេះ បានរងរបួសក្បាលធ្ងន់ធ្ង​។

យ៉ាងណាក៏ដោយ ករណីប្លន់ប្រដាប់អាវុធនេះ ក្រុមជនល្មើសមិនបានផ្ទុះអាវុធបង្កឲ្យភ្ញាក់ផ្អើល ឬគ្រោះថ្នាក់នោះទេ ចំណែកសម្ភារជនរងគ្រោះ ក៏មិនបានបាត់បង់អ្វីធ្ងន់ធ្ងរដែរ ដោយនៅក្នុងកាបូបដែលក្រុមចោរឆក់យកនៅ រួមមានទូរស័ព្ទ និងម៉ាស៊ីនសម្រាប់ផ្ទេរប្រាក់តែប៉ុណ្ណោះ។

​ក្រោយពីកើតហេតុ កម្លាំងនគរបាលក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ លន់ សុផាត បានចុះទៅដល់ទីតាំងកើតហេតុ និង​ធ្វើសាកសួរជនរងគ្រោះ ក៏ដូចជាសាក្សីនៅកន្លែងកើតហេតុ ហើយរហូតមកដល់ពេលនេះ កម្លាំងជំនាញបានកំណត់មុខសញ្ញាក្រុមជនសង្ស័យត្រួសៗហើយដែរ៕