(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់ជាង ៨០នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការ វាយបកមួយ ពីសំណាក់កងកម្លំាងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន នៅឯភាគខាងកើតនៃខេត្ត Ghazni។ នេះបើយោងតាម អះអាងរបស់អភិបាលខេត្ត Ghazni លោក Abdul Karim Matin ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅល្ងាចថ្ងៃ ពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ។

លោក Abdul Karim Matin បានឱ្យដឹងទៀតថា នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្រុមឧទ្ទាមតាលីបង់ បានបើកការវាយលុក ដោយដណ្ដើមយកបានស្រុក Gero នៃខេត្ត Ghazni ក៏ប៉ុន្តែកងកម្លំាង រដ្ឋាភិបាល បានវាយបក និង រុញច្រានឱ្យក្រុមតាលីបង់ ទាំងនោះដកថយចេញពី តំបន់មួយនេះវិញភ្លាម។

សូមជំរាបថា នៅក្នុងប្រតិបត្តិការយោធា របស់កងកម្លំាងរដ្ឋាភិបាល អាហ្វហ្គានីស្ថាន នៅស្រុក Gero បានសម្លាប់ក្រុមអ្នកប្រយុទ្ធតាលីបង់ ជាង ៨០នាក់ និង ១០០នាក់ បានរងបួស ខណៈកងកម្លាំង រដ្ឋាភិបាល ៥នាក់បានស្លាប់ និង ៨នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ ដោយឡែកក្រុមទ្ទាមតាលីបង់ មិនទាន់ ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញការអះអាងរបស់រដ្ឋាភិបាល អាហ្វហ្គានីស្ថាន៕