(កំពង់ចាម)៖ មានជនមិនស្គាល់មុខ បានបោកគ្រាប់បែកចូលទៅក្រោមផ្ទះប្រជាពលរដ្ឋម្នាក់ ស្ថិតនៅភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប៉ុន្តែសំណាងល្អមិនបណ្តាល​ឲ្យនរណាម្នាក់រង​គ្រោះថ្នាក់ឡើយ។ សម្រាប់ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្នុងភូមិ និងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ នៅវេលាម៉ោង ១:១៣នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦។

តែករណីនេះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះថា តាមពិតទៅក្រោយចុះទៅត្រួតពិនិត្យភ្លាមៗ ពីសំណាក់កម្លាំងជំនាញរបស់លោក គឺមិនមែនជាគ្រាប់បែកនោះឡើយ ពោលជនដៃដល់ បានយកគ្រាប់អាកា៣គ្រាប់ ដាកចងអោបគ្នាហើយដុតឲ្យផ្ទុះ  ក្នុងគោលបំណងបន្ធូរគំនំុផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា «ករណីនេះ ជារឿងព្រហ្មទណ្ឌសុទ្ធសាធ ដែលអាចផ្តើមចេញពីរឿងគំនុំ មិនមែនជារឿងអ្វីផ្សេងទៀតនោះទេ»

ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ខៀវផាន់ អាយុ៦៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ៕