(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាសនៅលើ Facebook ផ្ទាល់ខ្លួនរបស់លោក នៅមុននេះបន្តិចថា ការបង្ហោះឯកសារ ទាក់ទងសង្គ្រាមធំៗ លើពិភពលោក មិនមែនជាការបំភិតបំភ័យទេ តែគ្រាន់តែជាចែករំលែក ព័ត៌មានគ្នាតែប៉ុណ្ណោះ។

ការចេញមកបកស្រាយពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើង ក្រោយពីលោកបាន បង្ហោះឯកសារ ទាក់ទិនទៅនឹងសង្គ្រាមធំៗក្នុងពិភពលោក ហើយចែកចាយនៅលើ បណ្តាញសង្គម Facebook កាលពីសប្តាហ៍មុន។

Facebook ផ្លូវការរបស់ លោក ខៀវ កាញារីទ្ធ បានបង្ហោះឲ្យដឹងថា «អាទិត្យមុននេះ ខ្ញុំបានទទួលឯកសារទាក់ទិនទៅនឹងសង្គ្រាមធំៗក្នុង ពិភពលោក ហើយមុនចូល គេងក៏បង្ហោះរូប ចែកគ្នាជាឯកសារ ក៏មានការបកស្រាយថាខ្ញុំមានបំណងបំភិតបំភ័យក្នុងដំណាក់កាលជិតបោះឆ្នោត»

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ឲ្យដឹងថា លោកគ្មានបំណងបែបនេះទេ ហេតុនេះដើម្បី ចៀសវាងការភ័ន្តច្រឡំ លោកបានប្រកាសថា យូរៗម្តង បានលោក បង្ហោះរូបសង្គ្រាមណាដែលកម្រតែប៉ុណ្ណោះ ដើម្បីគ្រាន់យល់ដឹងពី សាកលលោក៕