(ភ្នំពេញ)៖ មេដឹកនាំអាស៊ាន និងចិន បានកត់សម្គាល់ឃើញថា ទំហំពាណិជ្ជពាណិជ្ជកម្មរវាងប្រទេសចិន ជាមួយប្រទេសសមាជិកអាស៊ានមានសន្ទុះកើនឡើងខ្លាំង ហើយពួកគេបានសន្យារួមគ្នាប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នាឲ្យកាន់តែធំថែម ទៀត។ អាស៊ាន-ចិន ចង់ជំរុញទំហំវិនិយោគឲ្យដល់ ១៥០ប៊ីលានដុល្លារ និងទំហំពាណិជ្ជកម្មឲ្យដល់ ១ទ្រីលានដុល្លាអាមេរិកនៅឆ្នាំ២០២០។

ការប្តេជ្ញាប្រឹងប្រែងជំរុញទំហំវិនិយោគ និង ពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងចិនឲ្យកាន់តែកើនឡើងខ្ពស់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចេញផ្សាយនារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានគូសបញ្ជាក់ថា មេដឹកនាំអាស៊ានបានយាង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិនលើកទី២៥ ជាមួយលោក លី ខៃឈាង នាយករដ្ឋមន្រ្តីចិន។ ក្នុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំអាស៊ាន-ចិន បានតាមដានការទស្សនាខ្សែវីដេអូអំពីការរំលឹកខួបលើកទី២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។

ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន បានធ្វើការកត់សម្គាល់ថា ចិន នៅតែជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុត របស់អាស៊ាន ជាមួយនិងទំហំពាណិជ្ជកម្មទ្វេភាគីសរុប ៣៤៦,៤ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ២០១៥ និងលំហូរវិនិយោគផ្ទាល់ពីចិន មកកាន់អាស៊ានមាន ៨,២ ប៊ីលានដុល្លាអាមេរិកក្នុងឆ្នាំ២០១៥។ មេដឹកនាំទាំងអស់ ក៏បានស្វាគមន៍ចំពោះការចូលជាធរមាន នៃពិធីសារនៃការធ្វើវិសោធនកម្មក្របខណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងជាក់លាក់រវាងអាស៊ាន និងចិន កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។

បើតាមទំព័រ Facebook របស់នាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន នាព្រឹកមិញនេះ មេដឹកនាំទាំងអស់បានអនុម័តសេចក្តីប្រកាសរួម រវាងអាស៊ាន និងចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត កម្ម នឹងផ្តល់កាលានុវត្តភាព ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្មបន្ថែមទៀត។

មេដឹកនាំអាស៊ាន បានអរគុណដល់ភាគីចិន ក្នុងការបន្តការគាំទ្រ ដល់ការលើកកម្ពស់ការតភ្ជាប់អាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម នៃធនាគារអាស៊ីសម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់ការតភ្ជាប់តំបន់ ពិសេសការកាត់បន្ថយគម្លាតអភិវឌ្ឍ រវាងនិងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដោយរំពឹងទុកថា ការគាំទ្ររបស់ចិន ដើម្បីអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន២០១៦-២០២០។

មេដឹកនាំអាស៊ានក៏បាន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ការគាំទ្ររបស់ ចិន សម្រាប់ការ សម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ពោលគឺការឆ្លើយតបរបស់ អាស៊ានមួយទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំទាំងអស់ ក៏បានទទួលស្គាល់ពីតួនាទីរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន លើការសម្របសម្រួលពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការអប់រំ និង ការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាន និងចិន និងបានស្វាគមន៍ការអនុម័ត នូវការកែសម្រួលអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន។

មេដឹកនាំអាស៊ានក៏បានធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើមរបស់ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ ២+៧ សម្រាប់ទំនាក់តំនងអាស៊ាន-ចិន និងតាំងចិត្តធ្វើការឲ្យជិតស្និទ្ធជាមួយចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាព ការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍ និងកុងសង់ស៊ីស៕