(ព្រៃវែង)៖ បន្ទាប់ពីទទួលបានព័ត៌មាន នៃគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយគ្រួសារ និងរបួសមនុស្ស២នាក់ នៅយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិព្រៃដើមថ្នឹងទី១ ឃុំព្រៃដើមថ្នឹង ស្រុកស៉ីធរកណ្តាល ខេត្តព្រែវែង លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានចាត់ឲ្យមន្ត្រីចុះសួរសុខទុក្ខ និងផ្ដល់អំណោយមួយចំនួន រួមទាំងជួយចេញថ្លៃព្យាបាលជូនពួកគាត់ថែមទៀតផង។

ករណីភ្លើងឆេះផ្ទះនេះ កើតឡើងទាំងកណ្ដាលអាធ្រាត ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃដើមថ្នឹងទី១ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បណ្ដាលឱ្យមានមនុស្សរងរបួសចំនួន២នាក់ ត្រូវជាយាយ និងចៅស្រី។
ជនរងគ្រោះទាំង២នាក់ខាងលើ មានឈ្មោះ ដា ឡៃយ៉ុង ភេទស្រី អាយុ៨ឆ្នាំ ជាកូនបង្កើតរបស់ម្ចាស់ផ្ទះ និងជាចៅរបស់ជនរងគ្រោះម្នាក់ទៀត ឈ្មោះ ស្រី ផន អាយុ៧៥ឆ្នាំ ត្រូវភ្លើងបណ្ដាលឱ្យរលាកខ្នង រីឯចៅស្រីរលាកជើង។

ក្រោយកើតហេតុ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានចាត់ឱ្យមន្រ្តីចេញអន្តរាគមន៍ភ្លាម ដោយបានបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។

ក្នុងពេលចុះទៅសួរសុខទុក្ខជនរងគ្រោះ លោក ជា សុមេធី បានណែនាំដល់គ្រូពេទ្យត្រូវព្យាបាលរហូត ដល់ជាសះស្បើយ ទើបជូនពួកគាត់ត្រឡប់ទៅផ្ទះវិញ ព្រមទាំងបានចែកជូនអំណោយមួយចំនួន និងជួយចេញថ្លៃព្យាបាលទាំងអស់៕