(ភ្នំពេញ)៖ អ្នកស្រីសុឹម នីន អតីតជាស្ត្រីមេទ័ពដ៏ក្លាហានធ្លាប់ដឹកនាំកូន​ទាហានចេញប្រយុទ្ធនៅ​លើសមរភូមិរាប់មិនអស់ តាំងពីសម័យតស៊ូវាយ​រំដោះ​ប្រទេសពីរបប​ខ្មែរក្រហម រហូតដល់សម័យ​សង្គ្រាមសុីវិល ហើយក្រោយមកអ្នកស្រីត្រូវបានរំសាយចេញពីកងទ័ពនាសម័យអ៊ុនតាក់ បច្ចុប្បន្នអ្នកស្រីកំពុងជួបបញ្ហា​ជីវភាពខ្វះខាតនោះ ឥឡូវត្រូវបានសម្ដេច​វិបុលសេនា​ភក្ដីសាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​និងសម្ដេចតេជោហ៊ុន សែន ក្នុងនាមប្រធានសមាគមអតីត​យុទ្ធជនកម្ពុជា យកចិត្តទុកដាក់ជួយ​ឧបត្ថម្ភអោយមានជីវភាពល្អប្រសើរឡើងវិញបន្ទាប់​ពីសម្ដេចទាំងពីរ​ទទួលបានព័ត៌មាន​ពីការខ្វះខាតខាងជីវភាពរបស់​អតីតយុទ្ធជននេះរួចមក។

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ក្រោយពីទទួលបានព័ត៌មានស្ដីពីអតីតយុទ្ធជនម្នាក់ជាស្ត្រី បច្ចុប្បន្នកំពុងរស់នៅ​ក្នុងជីវភាពខ្វះខាតរួចមក សម្ដេចវិបុលសេនាភក្ដី ប្រធានព្រឹទ្ធសភា​បានអញ្ជើញចុះ​ទៅសាកសួរសុខទុក្ខដោយផ្ទាល់ដល់កន្លែងស្នាក់នៅ​របស់អ្នកស្ត្រីដែលមានទីតាំងនៅភូមិសាមគ្គីទី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ស្ថិតក្នុង​វ័យ ៦០ ឆ្នាំ អ្នកស្រី ស៊ឹម នីន បាន​រៀបរាប់​អោយដឹងថា អ្នកស្រី បាន​ចូល​បម្រើកងទ័ព តាំងពី​ឆ្នាំ ១៩៧៧ នាសម័យខ្មែរក្រហមគ្រប់គ្រងប្រទេស ហើយ​អ្នកស្រីធ្លាប់បានទៅ​ហ្វឹកហាត់កងទ័ពនៅ​ជំរុំ​ឡុង​យ៉ាវ ​ប្រទេស​វៀតណាម​នៅ​ក្នុងក្រុមចលនាតស៊ូវាយផ្ដួលរំលំរបបខ្មែរក្រហមទៀតផង​។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ១៩៧៩ អ្នកស្រីបាន​ចូលមក​បម្រើ​ការងារ និង​ចូលរួម​ប្រយុទ្ធនៅតាម​សមរភូមិជាច្រើន​កន្លែងនៅក្នុង​ខេត្ត​កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង និងសមរភូមិជាច្រើនទៀត។ ក្រោយមកអ្នកស្រី ត្រូវបាន​ថ្នាក់លើប្រគល់​ភារកិច្ចអោយមក​ទទួលខុសត្រូវ ជា​អនុប្រធាន​អង្គភាព​នារី​កាត់ដេរ​កងទ័ពវិញ​។ ហើយ​បន្ទាប់​មកទៀត អ្នកស្រី ក៏​ត្រូវបាន​កាត់ចេញ ពី​ក្របខណ្ឌ​កងទ័ព មកជា​ប្រជាជន​ធម្មតា​វិញនាសម័យបង្រួបបង្រួមជាតិក្រោមវត្តមានអ៊ុនតាក់ ហើយ​ចាប់ពីពេលនោះ​មក អ្នកស្រីបានរស់នៅ​ក្នុង​ជីវភាព​ទីទ័លក្រ នៅ​តំបន់​ជនបទជាយក្រុង​ក្នុងខណ្ឌពោធិ៍សែនជ័យរហូតមកដល់សព្វថ្ងៃនេះ​។​

ខណៈជួបសំណេះសំណាលសាកសួរសុខទុក្ខនោះ សម្តេច​វិបុល​សេនា​ភក្តីសាយ ឈុំ បានសម្រេចផ្តល់​ថវិកាចំនួន៤,០០០​ដុល្លារ​ សម្រាប់​ទិញ​ដី​មួយកន្លែងនៅក្នុង​​សង្កាត់​ត្រពាំង​ក្រសាំង​នេះជូន​អ្នកស្រី ហើយ​​ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​​ប្រធាន​សមាគម អតីតយុទ្ធជន​កម្ពុជា ក៏បាន​ឧបត្ថម្ភ​ថវិកាចំនួន ៤,០០០ ដុល្លារ​ទៀត សម្រាប់​សាងសង់ផ្ទះ​ជូនអ្នកស្រី ស៊ឹម នី​ន សម្រាប់រស់នៅ​ជា​កម្មសិទ្ធិអោយបានសមរម្យឡើងវិញផងដែរ។

សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ ដោយមើលឃើញពីជីវភាពខ្វះខាតរបស់អតីតយុទ្ធជនដែលជាស្ត្រីវ័យចំណាស់ខាងលើដែលមាន​មុខរបរដើររើសអេតចាយ លោកយឹម សារ៉ាន់ អធិការនគរបាល​ខណ្ឌពោធិ៍សែនជ័យក៏បានពាំនាំយកអំណោយទៅប្រគល់ជូនអ្នកស្ត្រី​ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយអង្គភាពព័ត៌មាន Fresh News ក៏បានជួយផ្សព្វផ្សាយ​ស្ដីពីទុក្ខលំបាករបស់ស្ត្រី​អតីតមេទ័ព​ខាងលើនេះហើយក៏មានសប្បុរសជនមួយចំនួនបានដឹង និងជួយឧបត្ថម្ភជាបន្តបន្ទាប់ និងពេលនេះក៏ត្រូវបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភពីសម្ដេច​ថ្នាក់ដឹកនាំ​ទាំងពីរបន្ថែមទៀតផងដែរ៕