(ភ្នំពេញ)៖ លោក ហូរ វ៉ាន់ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ប្រកាន់ជំហររស់នៅទីស្នាក់ការបក្ស រហូតដល់មាន ដំណោះស្រាយនយោបាយ ដោយមិនចាកចេញទៅណាឡើយ។ លោក ហូរ វ៉ាន់ បន្តទៀតថា គណបក្សសង្រ្គោះជាតិ មិនបោះបង់ចោលគោលជំហរ ទាមទារឲ្យមានការចរចា នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាឡើយ។

លោក ហូរ វ៉ាន់ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ  បានបញ្ជាក់បែបនេះ ខណៈលោក បានធ្វើវេទិកានយោបាយស្តីពី វិមជ្ឈការឃុំ សង្កាត់ នៅព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

បន្ថែមពីលើនេះ លោក ហូរ វ៉ាន់ ក៏បានបញ្ជាក់ថា គណបក្សនេះ នៅតែប្រកាន់គោលជំហរ តស៊ូមតិអហិង្សា និងប្រើគោលនយោបាយអិង្សា ដោយមិនចាត់ទុកខ្មែររូបណា ជាសត្រូវនោះទេ ហើយគណបក្សសង្រ្គោះជាតិ ជឿជាក់ថា ការចុះឈ្មោះបោះឆ្នោតនាពេលនេះ នឹងប្រព្រឹត្តទៅដោយពេញលេញ។

គួរបញ្ជាក់ថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានសំងំលាក់ខ្លួន ទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ អស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីតុលាការចេញវិធានការ ចំពោះបទល្មើស មិនចូលខ្លួនឆ្លើយបំភ្លឺ តាំងពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦មក ហើយតុលាការក្រុងភ្នំពេញគ្រោងនឹង កាត់ទោសលោក នៅថ្ងៃទី០៩ ខែកញ្ញា ខាងមុខនេះ៕