(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរិះគន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនីរទេសខ្លួនពេលនេះថា ជាមេដឹកនាំមុខក្រាស ដែលប្រកួតចាញ់ ៤អាណត្តិហើយ ប៉ុន្តែនៅតែចង់ចូលរួមប្រកួតតទៅទៀត។

លោក សុខ ឥសាន បានថ្លែងថា «តាមធម្មតា ក្នុងកីទ្បាប្រដាល់ កីទ្បាករណាប្រកួតចាញ់មួយដង គេអាចអនុញ្ញតឲ្យវាយសងសឹកមួយប្រកួត បើនៅតែចាញ់ទៀត គេឈប់ឲ្យប្រកួតទៀតហើយ ទោះបីសាម៉ីខ្លួនចង់ឡើងប្រកួតទៀតក៏ដោយ។ តែគួរខ្មាស់អៀនណាស់ ដែល សម រង្សី ចាញ់ ៤អាណត្តិហើយ នៅតែមុខក្រាស់នៅតែជម្នះ ឈរឈ្មោះចូលប្រកួតទៀត ធ្វើមើលតែ CNRP មានតែមនុស្សម្នាក់ អ្នកដទៃគ្មានប្រយោជន៍។ តើ សម រង្សី ជាមនុស្សបែបណា? តើផ្តាច់ការប្ញ អត់ ? គឺពិតជាមនុស្សផ្តាច់ការ យ៉ាងពិតប្រាកដ»

នាថ្មីៗនេះ ក្នុងវេទិកាសាធារណៈ នៅប្រទេសបារាំង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់សកម្មជនខ្លួនថា លោកគឺជា ដៃគូប្រកួតប្រជែងតែមួយ ជាមួយសម្តេចតេជោ ហ៊ុន សែន សម្រាប់តំណែងបេក្ខជន នាយករដ្ឋមន្រ្តីសម្រាប់អាណត្តិក្រោយ។

លោក សម រង្ស៊ី លើកឡើងថា «បេក្ខជននាយករដ្ឋមន្រ្តីមានតែ ២នាក់ហ្នឹងទេ ប៉ុន្តែលោក ហ៊ុន សែន ជាមនុស្សកំសាក គាត់ខ្លាច សម រង្ស៊ី គូរប្រដាល់ត្រូវវ៉ៃតតាំងគ្នានៅលើសង្វៀន ដូច្នេះគាត់ញ៉ាក គាត់អត់ឱ្យ សម រង្ស៊ី នៅលើសង្វៀនទេ គាត់នៅលើសង្វៀនតែម្នាក់ឯង គាត់ដាល់ជាមួយខ្យល់ អញ្ចឹងគាត់ថាគាត់ឈ្នះ»

ទោះជាយ៉ាងនេះក្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក នាពេលថ្មីៗនេះ បានប្រកាសថា តាមច្បាប់គ.ជ.ប លោក សម រង្ស៊ី នឹងមិនអាចឈរឈ្មោះបោះឆ្នោតបានទេ កុំថាឡើយធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី។ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ធ្លាប់បានអះអាងថា លោក សម រង្ស៊ី អាចចុះឈ្មោះបាន លុះត្រាចូលមកប្រទេសហើយ មិនស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ប៉ុន្តែពេលនេះ លោកជាទណ្ឌិត ដែលរត់គេចទៅក្រៅប្រទេសនៅឡើយ៕