(អាមេរិក)៖ មនុស្សយ៉ាងហោចណាស់ ២០ នាក់បានទទួលរងបួស នៅពេលដែល រថភ្លើងដឹកអ្នកដំណើរ ប្រមាណជា ២០០ នាក់ បានបុកគ្នាជាមួយនិង រថយន្ដ ដឹក ទំនិញធុនតូច មួយគ្រឿងនៅ ថ្ងៃអង្គារនាទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ា ភាគនិរតីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៦ ខែ កញ្ញា ឆ្នាំ ២០១៦។

យោងតាមក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ហេតុការណ៍គ្រោះថា្នក់នេះ បានកើតឡើងនៅ ម៉ោងប្រមាណជា ១០៖៤០នាទីព្រឹក (ម៉ោងនៅទីក្រុង L.A សហរដ្ឋអាមេរិក) នៅឯតំបន់ Sun Valley នៃទីក្រុង Los Angeles។ ប្រភពដដែលឱ្យដឹងដែរថា មនុស្ស២១នាក់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីពេទ្យនៅក្នុងតំបន់ ខណៈអ្នកបើកបរ រថយន្ដដឹកទំនិញ មិនបានរងរបួសអ្វីនោះទេ។ ចំពោះគ្រោះថ្នាក់ខាងលើនេះ គឺកំពុងស្ថិតនៅក្នុងការស៊ើប អង្កេតរកដើមហេតុពិតប្រាកដនៅឡើយ៕