(បន្ទាយមានជ័យ)៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោក កែ កឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយក្រុមការងារ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យអំពីវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ (គម្រោងកូរ៉េ)។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដែលលោក កែ គឹមយ៉ាន និងក្រុមការងារចុះពិនិត្យនោះរួមមាន៖

*ទី១៖ អាងទឹកកន្សែង ស្ថិតក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ដែលភ្លឺទំនប់អាងប្រវែង ៧គម១២០ម, ផ្ទៃអាងមានទំហំ៨៣០ហិតា, បរិមាណទឹក២២លាន៨០០ពាន់ម៉ែត្រគូប, លទ្ធភាពស្រោចស្រពស្រូវវស្សា ៦៣៦០ហិកតា, លទ្ធភាពស្រោចស្រពស្រូវប្រាំង ១៣១០ហិកតា។

*ទី២៖ អាងទឹកពង្រ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលភ្លឺទំនប់អាង ប្រវែង ៦គម២៣ម, ផ្ទៃអាងមានទំហំ ៤៥៦ហិកតា៨, បរិមាណទឹក ៧លាន៩០០ពាន់ម៉ែត្រគូប, លទ្ធភាពស្រោចស្រពស្រូវវស្សាបាន២៦០០ហិកតា, លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន២២០ហិកតា។

*ទី៣៖ អាងទឹកវាំងហែង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលភ្លឺទំនប់អាងប្រវែង ៧គម០១ម, ផ្ទៃអាងមានទំហំ ៣៤០ហិតា, បរិមាណទឹក៦លាន៩០០ពាន់ម៉ែត្រគូប, លទ្ធភាពស្រោចស្រោពស្រូវវស្សាបាន២៥៧០ហិកតា, លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន២២០ហិកតា ។

មកដល់ពេលនេះ គម្រោងទាំងមូលដែលមានទំនប់អាងទឹកប្រវែងសរុប២០.៣៦គីឡូម៉ែត្រ និងស្តារប្រឡាយមេ៦ខ្សែមានប្រវែងសរុប ៨៧.៦០គីឡូម៉ែត្រ ក្នុងនោះមានចាក់បេតុងប្រវែង៤០.១៦០គីឡូម៉ែត្រ និងសាងសង់សំណង់សិល្បៈការចំនួន២០៧កន្លែង លទ្ធផលកំពុងអនុវត្ត និងសម្រេចបានចំនួន ៤០.៩០% ធៀបទៅនឹងទំហំការងារ នៃគម្រោងទាំងមូល។

ក្នុងរសៀលថ្ងៃដដែលនេះ លោក កែ គឹមយ៉ាន និងក្រុមការងារ និងអាជ្ញាធរមូលដ្ឋានបានចូលថ្វាយបង្គំព្រះសង្ឃនៅវត្តដុងអារញ្ញ និងបានបន្តដំណើរទៅចូលរួមជាអធិបតីក្នុងពិធីពិសារបាយសាមគ្គីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ នៅក្រុងប៉ោយប៉ែត ប្រកបដោយភាពស្និទស្នាលកក់ក្តៅក្រៃលែង៕