(បាភ្នំ-ព្រៃវែង)៖ នាព្រឹកថ្ងៃសុក្រ ទី ៥ ខែមេសា ឆ្នាំ២០២៤ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពក្រុមការងាររចុះមូលដ្ឋានស្រុកបាភ្នំ។

ពិធីនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាអនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំទាំង៩ សមាជិកក្រុមការងារ និងមន្រ្តីមូលដ្ឋាន សរុបអ្នកចូលរួមមានប្រមាណជាង ៧០០នាក់។

ក្រោយពី លោក ម៉ៅ អ៊ាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឡាយ សំអឿន  អភិបាលស្រុកបាភ្នំ បានធ្វើរបាយការណ៍សង្ខេបពីលទ្ធផលការងារកន្លងមក និងអានសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជាស្តីពីការកែសម្រួលសមាសភាពក្រុមការងារស្រុក រួចមក លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា  បានអញ្ជើញ ថ្លែងមតិសរុបកិច្ចប្រជុំ ដោយបានធ្វើការកោតសរសើរ និងអរគុណដ៏ស្មោះស្ម័គ្រសាជាថ្មីម្តងទៀត ចំពោះជ័យជំនះដ៏ត្រចះត្រចង់របស់កម្លាំងក្រុមការងារ និងគណបក្សស្រុកឃុំ ដែលបានចូលរួមចំណែកជាមួយជោគជ័យដ៏ត្រចះត្រចង់ នៅទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលកន្លងមក។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំឱ្យសមាជិក សមាជិកាក្រុមការងារទាំងអស់ ត្រូវបន្តតាមដានព័ត៌មានពិតពីមូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់ជាមួយព័ត៌មានដែលទទួលបានតាមរយៈការចុះទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាឱ្យសកម្មភាពការងារប្រកបដោយខ្លឹមសារ មិនមែនមានតែរូបភាព។

ក្រុមការងារគ្រប់ឃុំទាំងអស់ត្រូវក្តាប់ឱ្យបាននូវរាល់ការវិវត្តនានារបស់សង្គមជាតិ ស្ថានភាពនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការផ្សព្វផ្សាយដល់សាធារណជន ជាពិសេសក្តាប់ឱ្យបានបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងដោះស្រាយឱ្យបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានគូសបញ្ជាក់សាជាថ្មីឡើងវិញពីកាតព្វកិច្ច ក្នុងការតបស្នងចំពោះជំនឿទុកចិត្ត និងការគាំទ្រដ៏រឹងមាំរបស់ប្រជាជនមកលើគណបក្សយើង គឺត្រូវរួមគ្នាបន្តពុះពារជំរុញអនុវត្តសម្រេចភារកិច្ចនយោបាយតាមមុខសញ្ញានៅគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់រៀងៗខ្លួន ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តបេសកកម្មជាប្រវត្តិសាស្រ្ត ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់មាតុភូមិ និងប្រជាជនកម្ពុជា ជាដរាបតរៀងទៅ៕