(បន្ទាយមានជ័យ)៖ លោក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការឆ្លងដែនរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ដែលមានសមាសភាពចូលរួមពីអនុប្រធាន សមាជិក ក្រុមការងារចំពោះកិច្ច អភិបាលស្រុកជាប់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ។

លោក សៀក សុជាតិ បានដាក់ចេញនូវវិធានការដល់អនុប្រធាន និងសមាជិក ក្រុមការងារទី២ ត្រូវក្រើនរំលឹកដល់អាជ្ញាធរសមត្ថកិច្ចត្រូវបង្កើនស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង និងជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ដែលឆ្លងដែនចូលមកទឹកដីកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ និងត្រៀមមន្ត្រីបុគ្គលិកពេទ្យប្រចាំការនៅច្រកទ្វារដើម្បីត្រៀមសង្គ្រោះបន្ទាន់ជូនប្រជាពលរដ្ឋក្នុងករណីចាំបាច់។

លោក សៀក សុជាតិ បានណែនាំថា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំដែនរបស់ពលករខ្មែរតាម ច្រកទ្វារព្រំដែន អភិបាល នៃគណៈអភិបាលខេត្តទាំងបី បន្ទាយមានជ័យ ឧត្តរមានជ័យ និង ព្រះវិហារ ជាសមាជិកគណៈកម្មការចំពោះកិច្ច ត្រូវដឹកនាំចាត់ចែងអនុវត្តតាមស្មារតីនៃសេចក្ដី សម្រេចលេខ៩៩ ស.ស.រ ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាព នូវកិច្ចការមួយចំនួនដូចខាងក្រោម៖

*ទី១៖ អាជ្ញាធរសា្ថប័នពាក់ព័ន្ធ ប្រចាំនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ ត្រូវបម្រើសេវា ជួយសម្របសម្រួលដល់ការធ្វើដំណើរចេញចូលប្រទេស ជូនប្រជាពលរដ្ឋ និងពលករកម្ពុជាក្នុង អំឡុងពេលនៃការវិលត្រឡប់របស់ពួកគាត់មកទឹកដីកម្ពុជា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

*ទី២៖ ជំរុញឲ្យសមត្ថកិច្ចនៅចំណុចត្រួតពិនិត្យ និងច្រកត្រួតពិនិត្យពង្រឹងវិធានការត្រួតពិនិត្យ ការឆ្លងកាត់ព្រំដែនឲ្យបានហ្មត់ចត់ បង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរចេញចូលរបស់អាជីវករ និងពលករដែលកាន់ឯកសារឆ្លងដែនស្របច្បាប់ឲ្យបានឆាប់រហ័ស។ ទន្ទឹមនឹងនោះត្រូវចាត់វិធានការ ទប់ស្កាត់ការចេញចូលដោយប្រើប្រាស់ឯកសារឆ្លងដែនមិនប្រក្រតី។

*ទី៣៖ ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ឈរជើងនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ត្រូវ បញ្ឈប់ជាបន្ទាន់នូវការចេញឯកសារឆ្លងដែនមិនប្រក្រតី មិនត្រូវយកកម្រៃក្រៅផ្លូវការពីពលករនៅ ពេលពួកគាត់ឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែន។

*ទី៤៖ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាមួយនោះត្រូវចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការ បង្ក្រាបសកម្មភាពមខ្យល់ និងអ្នកសមគំនិតដែល អូសទាញប្រជាពលរដ្ឋឲ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព។

*ទី៥៖ ប្រមែប្រមូលព័ត៌មានពាក់ព័ន្ធនឹងការឆ្លងដែន របស់ពលករតាមបណ្ដាច្រកទ្វារព្រំដែន គ្រប់គ្រងឲ្យបាននូវលំហូរពលករចេញចូលឆ្លងកាត់ព្រំដែន និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងជូនដល់ពួកគាត់។

*ទី៦៖ ណែនាំដល់រដ្ឋបាល ក្រុង ស្រុក ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ជាប់ជាប្រចាំជូន ដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពីការផ្តល់សេវាប័ណ្ណព្រំដែនជូនពួកគាត់ដោយគ្មាន ការរើសអើង និងមិនយកកម្រៃក្រៅផ្លូវការ ព្រមទាំងផ្សព្វផ្សាយឲ្យពួកគាត់យល់ដឹងពីបែបបទនីតិវិធីន ការឆ្លងកាត់ព្រំដែន នៅពេលធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ត្រូវមានឯកសារស្របច្បាប់។

*ទី៧៖ ត្រូវរៀបចំយន្តការដឹកនាំត្រូតពិនិត្យ ការអនុវត្តវិធានការដែលបានដាក់ចេញ និងឲ្យមានមន្ត្រីទទួលបន្ទុក តាមដានកិច្ចការច្បាស់លាស់។ ត្រូវមានកម្មវិធីចុះត្រួតពិនិត្យជាក់ស្ដែងក្នុងការអនុវត្ត តួនាទី ភារកិច្ច ទទួលខុសត្រូវរបស់មន្ត្រីច្រកទ្វារព្រំដែន ដើម្បីក្រើនរំលឹកលើកទឹកចិត្តកែលម្អ និង ដោះស្រាយភាព មិនប្រក្រតី ដែលកើតមានឡើងតាមអភិក្រមការងារ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

*ទី៨៖ ត្រូវធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ពីសភាពការណ៍ និងការដោះស្រាយ បញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមច្រកព្រំដែនមក ក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច និងត្រូវរាយការណ៍បន្ទាន់ ដើម្បីមានវិធានការដឹកនាំ និងណែនាំទាន់ពេលវេលាក្នុងករណីចាំបាច់៕