(ភ្នំពេញ)៖ លោកបណ្ឌិត សាយមុន្នី ភោគវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសារលិខិត ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានលើកឡើងទាំងស្រងដូច្នេះថា៖

«សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងនាមរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម ចូលរួមសំដែងការអបអរសាទរ និងជូនពរយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបោះ ឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាល ទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ សម្តេច ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញពីបទពិសោធន៍ដ៏សម្បូរបែបរបស់ សម្តេច ក្នុងការដឹកនាំ ប្រទេស ។ សមត្ថភាពដ៏ប៉ិនប្រសប់របស់សម្តេច និងការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់របស់គណបក្ស រដ្ឋ និង ប្រជាជនកម្ពុជាទាំងមូល។

ខ្ញុំសង្ឃឹមថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេច និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រឹទ្ធសភាកម្ពុជា សម្រាប់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជនទាំងពីរ ជា ពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងពីរ។

សូមឆ្លៀតឱកាសដ៏ថ្លៃថ្លានេះ សូមជូនពរ សម្តេច និងសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជាសូមមានសុខភាពល្អបរិបូរណ៍ និងជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម។

ដោយសេចក្តីគោរព»៕