(ភ្នំពេញ)៖ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ លោក វឿង ឌិញវ៉េ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តាមពេលវេលាសមស្រប នៅក្នុងឆ្នាំ២០២៤នេះ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានទទួលការអញ្ជើញរបស់ លោក វឿង ឌិញវ៉េ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក វឿង ឌិញវ៉េ ដែលបានផ្ញើលិខិតអបអរសាទរចំពោះសម្តេច និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះត្រចះត្រចង់ក្នុងការបោះឆ្នោតព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ ដែលជាសក្ខីភាពនៃសាមគ្គីភាព និងភាតរភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវត្តនៃពិភពលោក ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈកាន់តែស្រួចស្រាល មិនប្រាកដប្រជា ក៏ដូចជាការទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការខណ្ឌសីមា ដែលនៅសេសសល់ ១៦%ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនពរ លោក វឿង ឌិញវ៉េ និងសហការី ប្រកបដោយសុខភាពល្អមាំមួន សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចបន្តទៀត។ ជាការឆ្លើយតប លោក វឿង ឌិញវ៉េ ប្រធានរដ្ឋសភា បានជូនពរ សម្តេចតេជោ នូវសុខភាពល្អ និងជោគជ័យក្នុងបេសកកម្មថ្មីដ៏ឧត្តុង្គឧត្តមរបស់សម្តច ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕