(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី 2 (ACCESS 2) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

គម្រោងកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាសមធម៌ និងនិរន្តរភាព ដំណាក់កាលទី២ ឆ្នាំ២០២៣-២០២៨ (Australia-Cambodia Cooperation on Equitable Sustainable Services Phase 2 (ACCESS 2) នឹងត្រូវអនុវត្តដោយក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី ដោយផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅប្រទេសកម្ពុជា ក្រោមការឧបត្ថមថវិកាពីរដ្ឋាភិបាលនិងប្រជាជនអូស្ត្រាលី។

កម្មវិធី ACCESS ២ នឹងបន្តគាំទ្រទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល រួមមានអង្គការមិនមែនរដ្ឋាភិបាល អង្គការតំណាងជនមានពិការភាព (Organization of People with Disabilities (OPDs)) ស្ត្រី និងក្រុមជនជាតិដើមភាគតិច ដើម្បីអនុវត្តផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្ត្រី (National Action Plan to Prevent Violence Against Women (NAPVAW)) និង National Development Strategic Plan (NDSP) របស់រាជរដ្ឋាភិបាលកម្ពុជាប្រកបដោយប្រសិទ្ធភាព និងធានាថាជនមានពិការភាព ជនជាតិដើមភាគតិច និងស្ត្រីដែលរងគ្រោះដោយអំពើហិង្សាផ្នែកយេនឌ័រ (Gender Based Violence (GBV)) ទទួលបានសេវាដែលពួកគេត្រូវការកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា និងរដ្ឋមន្ដ្រីនៃក្រសួងចំនួនពីរទៀត បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋាភិបាលអូស្ត្រាលី តំណាងដោយលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លើគម្រោងកិច្ចសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាសមធម៌ និងនិរន្តរភាព ដំណាក់កាលទី២ ឆ្នាំ ២០២៣-២០២៨ ។

ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការរួមចំណែកគាំទ្រដល់ការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល ឱ្យកាន់តែមានភាពធន់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងបោះជំហានខិតទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (C-SDGs) ដែលធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាព ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕