(កំពង់ឆ្នាំង)៖ លោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចម្រុះរួមមាន លោក ខឹម ចាន់នឿន តំណាងរដ្ឋបាលខេត្តកំពង់ឆ្នាំង លោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង មន្ត្រីភូមិបាលក្រុងកំពង់ឆ្នាំង សមត្ថកិច្ចរដ្ឋបាលសង្កាត់ផ្សារឆ្នាំង ចុះសម្របសម្រួលដោះស្រាយវិវាទដីធ្លី វិហារឥស្លាមនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ដែលមានពលរដ្ឋខ្មែរឥស្លាមចំនួន៨៧នាក់ ចំណុះវិហារឥស្លាម ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង​។

ករណីវិវាទនេះ បានកើតឡើងដោយសារបងប្អូនខ្មែរឥស្លាម៨៧នាក់ បានប្ដឹងពលរដ្ឋឥស្លាម៦នាក់ ក្នុងនោះប្ដឹងមនុស្ស៣នាក់ ពីបទ «រំលោភយកដីវិហារ ដែលដីនោះមានប័ណ្ណស្លាបមាន់ ចេញដោយមន្ត្រីសុរិយោដីតាំងពី ឆ្នាំ១៩៩២»។ ដោយបានចោទភាគីចុងចម្លើយថា បានធ្វើលិខិតកាន់កាប់ដីវិហារពីលើប្លង់ដីវិហារ ដែលមានស្រាប់ លិខិតកាន់កាប់ដីក្រោយនេះ ក៏មានចុះហត្ថលេខាដោយអាជ្ញាធរភូមិឃុំនៅ ក្នុងឆ្នាំ២០១៩ផងដែរ និងប្តឹងមនុស្ស៣នាក់ទៀតពីបទថា «បានប្រកាសលក់ដីវិហារជាទ្រព្យសម្បត្តិសមោហភាព ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន»

នៅក្នុងកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទដីធ្លីខាងលើនេះ ក៏មានការចូលរួមពីពលរដ្ឋជាដើមបណ្ដឹង និងភាគីចុងបណ្តឹងដែលត្រូវគេប្ដឹងផងដែរ។ ដោយឡែកនៅក្នុងកិច្ចប្រជុំសម្របសម្រួលដោះស្រាយនេះ លោក កែវ វ៉ាន្នី បានត្រួតពិនិត្យវត្តមានរបស់ដើមបណ្ដឹង និងគូសបញ្ជាក់អំពីកម្មវត្ថុ នៃបណ្ដឹងពាក់ព័ន្ធនឹងនីតិវិធីច្បាប់ ក្នុងរឿងទំនាស់ដីវិហារឥស្លាមដែលមានប័ណ្ណកម្មសិទ្ធិស្លាបមាន់ទំហំ ៨៤៧ម៉ែត្រការ៉េ មានព្រំខាងជើងទល់នឹងឈ្មោះ យ៉ើ មីន ខាងត្បូងទល់នឹងឈ្មោះ នី រ៉េស ខាងកើតទល់នឹងផ្លូវលំនិងខាងលិចទល់នឹងដីឈ្មោះ អែល មីន ដោយមានកំណត់ហេតុអង្កេតវាស់វែងដីធ្លីរបស់មន្ត្រីជំនាញជូនអង្គប្រជុំស្តាប់ឱ្យបានយល់អំពីកិច្ចប្រជុំសម្របសម្រួលដោះស្រា យខាងលើនេះផងដែរ។

ជាមួយគ្នានោះ លោក កែវ វ៉ាន្នី ក៏បានសាកសួរតទល់ដោយផ្ទាល់មាត់រវាងដើមបណ្ដឹង និងចុងចម្លើយមួយចំនួន ដែលបានទាក់ទងក្នុងរឿងវិវាទដីធ្លីខាងលើនេះនៅក្នុងពាក្យបណ្ដឹងពលរដ្ឋទាំង៥នាក់ តំណាងឲ្យពលរដ្ឋចំនួន ៨៧នាក់ បណ្ដឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានប្ដឹងពលរដ្ឋទាំង៦នាក់ មានទីលំនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្នុងនោះមនុស្ស៣នាក់ ប្ដឹងពីបទរំលោភបំពានទ្រព្យសម្បត្តិសាធារណៈនៃសមូភាពរដ្ឋ (ដីវិហារ) ដែ លបានប្រព្រឹត្តនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងមនុស្ស៣នាក់ទៀតប្ដឹងពីបទប្រកាសលក់អចលនៈវត្ថុ (ដីវិហារ) ដែលមិនមែនជាទ្រព្យរបស់ខ្លួន ហើយបានប្រកាសលក់ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងវិហារឥស្លាមចុងកោះ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

បន្ទាប់មកលោកព្រះរាជអាជ្ញារង បានឲ្យក្រុមការងារភូមិបាលក្រុងកំពង់ឆ្នាំង ចុះវាស់អង្កេតដីធ្លីទំនាស់ជាក់ស្ដែងទៅតាមការចង្អុលបង្ហាញរបស់ភាគីទាំង២ ដើម្បីធ្វើការសម្របសម្រួលដោះស្រាយ។ ចំពោះការអង្កេតនិងវាស់វែងដី ទំនាស់គឺភាគីចុងចម្លើយ បានទាមទារឲ្យមន្ត្រីជំនាញវាស់វែងដីព្រះវិហារចាស់ ពីច្រាំងទន្លេមកព្រុំខាងលិចតែម្ដង។ ចំណែកភាគីដើមបណ្ដឹងទាមទារឱ្យមន្ត្រីជំនាញវាស់ដីទំនាស់ចេញពីព្រុំប្រទល់ខាងលិច ទៅដោយអនុវត្តទៅតាម ប័ណ្ណកម្មសិទ្ធិស្លាបមាន់ ដែលមានជាភស្តុតាងស្រាប់។

ប៉ុន្តែលទ្ធផល នៃការវាស់វែងរបស់មន្ត្រីជំនាញតាំងពីម៉ោង១៧៖០០នាទីល្ងាច រហូតដល់ម៉ោង២០៖០០នាទីយប់គឺវាស់សារចុះ សារឡើងជាច្រើនលើក ជូនភាគីទាំង២ ដើម្បីសម្របសម្រួលដោះស្រាយបញ្ចប់រឿង ប៉ុន្តែភាគីទាំង២ មិនចុះសម្រុងគ្នាឡើយ។ ក្រោយពីក្រុមការងារបានធ្វើការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់រួចមកលទ្ធផលចុងក្រោយគឺតំណាងភាគីដើមបណ្ដឹង មិនយល់ព្រមដោយប្រគល់តួនាទីទាំងអស់នេះ ទៅលោកព្រះរាជអាជ្ញារងដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់វិញ។

លោក រ៉េម ឯល តំណាងឲ្យប្រជាពលរដ្ឋទាំង៨៧នាក់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ដីវិហារឥស្លាមមួយកន្លែងដែលត្រូវបានគេធ្វើឯកសារកាន់កាប់រំលោភយកនេះ គឺដីនេះមានលិខិតកាន់កាប់ (ប័ណ្ណស្លាបមាន់) ចេញដោយមន្ត្រីសុរិយោដីក្នុងឆ្នាំ១៩៩២ ត្រឹមត្រូវតាមច្បាប់ ដែលមានទំហំ ៨៤៧ម៉ែត្រការ៉េ និងមានព្រំប្រទល់ត្រឹមត្រូវ ជាទ្រព្យរបស់សមូហភាពមានឈ្មោះ ស៉ឹម យើងជាតំណាងឱ្យប្រជាពលរដ្ឋចំណុះ ព្រះវិហារទាំងអស់ ព្រោះកាលណោះគាត់ជាអតីត (សង្គាជ) តែគាត់បានស្លាប់យូរឆ្នាំហើយ។

លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីមានការរំលោភបំពានយកដីវិហារពីសំណាក់បុគ្គលខាងលើនេះ ប្រជាពលរដ្ឋតែងតែបានដាក់បណ្ដឹងស្នើសុំឲ្យមានការជួយធ្វើការសម្របសម្រួលពីថ្នាក់ដឹកនាំខ្មែរឥស្លាមគ្រប់ជាន់ថ្នាក់ ជាញឹកញាប់ តែរយៈ ពេលជាង២ឆ្នាំកន្លង មកនេះខាងថ្នាក់ដឹកនាំខ្មែរស្លាមពុំបានធ្វើការដោះស្រាយសម្របសម្រួលជូនពួកគាត់ម្ដងណាឡើយ។

ចំណែកខាងរដ្ឋបាលក្រុងកំពង់ឆ្នាំង ក៏ធ្លាប់បានកោះហៅភាគីទាំងសងខាងទៅធ្វើការសម្របសម្រួលចំនួន២លើកមកហើយដែរ តែការសម្របសម្រួលពុំទទួលបានលទ្ធផលនោះឡើយ។ លុះនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារចម្រុះដឹកនាំដោយលោក កែវ វ៉ាន្នី បានចុះទៅធ្វើការសម្របសម្រួលនិងវាស់ វែងដីព្រះវិហារខាងលើនេះជាក់ស្ដែង ដោយបានចាប់ផ្ដើមធ្វើការសម្របសម្រួលតាំងពីម៉ោង១៥៖០០នាទីរសៀល រហូតដល់ម៉ោង ២០៖០០នាទីយប់ ឯកាសម្របសម្រួលក៏នៅ តែពុំទទួលបានលទ្ធផលនោះឡើយ។ ហេតុនេះទាំងលោកដែលជាតំណាងឲ្យប្រជាពលរដ្ឋ និងប្រជាពលរដ្ឋទាំង៨៧នាក់ សូមប្រគល់ការងារទាំងអស់នេះ ជូនលោកព្រះរាជអាជ្ញាអនុវត្តទៅតាមនីតិវិធីច្បាប់ដោយក្តីអនុគ្រោះវិញចុះ។

ជុំវិញករណីខាងលើនេះលោក ក្រូច ម៉ារ៉ា អភិបាលរងក្រុងកំពង់ឆ្នាំង ដែលធ្លាប់បានធ្វើការសម្របសម្រួលក្នុងករណីខាងលើនេះចំនួន២លើក និងបានចុះអង្កេតករណីនេះជាមួយនឹងក្រុមចម្រុះដឹកនាំដោយលោកព្រះរាជអាជរង កាលពីថ្ងៃទី៤ ខែមេសាកន្លងទៅនេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែមេសាថា ករណីដីដែលមានប័ណ្ណស្លាបមាន់ ចេញតាំងពីឆ្នាំ១៩៩២ប្លង់នោះនៅតែមានសុពលភាព លុះត្រាតែមា នការវាស់វែងជាលក្ខណៈប្រព័ន្ធរួច ម្យ៉ាងវិញទៀតប្លង់ដីតាំងពីឆ្នាំ១៩៩២មកនោះ ដោយមិនមានបោះបង្គោលរបងត្រឹមត្រូវ មិនអាចរកទំហំឃើញនោះទេ។ ដោយឡែកឯកសារកាន់កាប់ដីដែលចេញដោយ ភូមិឃុំខាងលើនេះ លោ កមិនហ៊ានអះអាងថាតើវាគតិយុត្តិ ឬអត់នោះទេ ដោយសារឯកសារទាំងអស់នេះគឺភូមិឃុំគេធ្វើតាំងពីយូរមកហើយ ហើយឯកសារទាំងអស់នោះអាចដាក់ខ្ចីប្រាក់ពីធនាគារបានផងដែរ៕