(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល សហការជាមួយអង្គការ KOFIH (កូហ្វី) ប្រចាំកម្ពុជា បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តន៍កម្មវិធី ពង្រឹងការគ្រប់គ្រង ជំងឺឆ្លងតាមតំបន់ព្រំដែន នៅភូមិភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ស្ថិតក្រោមអធិបតីភាពលោកវេជ្ជ. យី សេងឌឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល

លោកវេជ្ជបណ្ឌិត សុង យ៉ុងហ្គឹន ប្រធានអង្គការ KOFIH ប្រចាំកម្ពុជា បានលើកឡើងថា ការបើកសិក្ខាសាលានៅពេលនេះ គឺដើម្បីការពង្រឹងការគ្រប់គ្រងជំងឺឆ្លង នៃតំបន់ព្រំដែននៅភាគពាយព្យនៃប្រទេសកម្ពុជា បន្ទាប់ពីCOVID-19 ដោយគម្រោងនេះកំពុងត្រូវបានចាប់ផ្តើមកែរលម្អការឆ្លើយតប និងការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតថ្មី ដែលមិនមានបំណងគ្រប់គ្រងជំងឺជាក់លាក់ដូចជា ជំងឺអេដស៍ និងជំងឺគ្រុនចាញ់នោះទេ ហើយគម្រោងនេះដំណើរការចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

លោកវេជ្ជ. យី សេងឌឿន បានលើកឡើងថា វគ្គសិក្ខាសាលានានេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រធាន-អនុប្រធានមន្ទីរសុខាភិបាល និងប្រធាន មន្ទីរ ពេទ្យបង្អែកទាំង៤ខេត្ត នៃតំបន់ព្រំដែននៅភូមិភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងនូវសមត្ថភាព គុណភាពការងាររបស់ខ្លួន ក្នុងការពង្រឹងការគ្រប់គ្រងជំងឺឆ្លងដែលកើតមានឡើង នៅតែជាបញ្ហាមួយដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ និងចាត់បញ្ជូលទៅក្នុងកិច្ចការ ជាអាទិភាពមួយក្នុងចំណោមកិច្ចការជាអាទិភាពនានា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្ម វិធីគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ឱ្យអនុវត្តន៍ក្នុងកំណែទម្រង់ដឹកនាំ និងអភិវឌ្ឍន៍ដើម្បីចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការជំម្រុញនូវការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាលជាវិស័យអាទិភាព។

នៅក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក៏ណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ក្នុងខេត្តនីមួយៗ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រអំពីជំនាញរបស់ខ្លួនឲ្យបានច្បាស់លាស់ សំរាប់យកទៅអនុវត្តជាក់ស្តែងទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការពង្រឹងការគ្រប់គ្រងជំងឺឆ្លង ជាពិសេសត្រូវពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តប៉ៃលិនខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ នឹងខេត្តបន្ទាយមានជ័យ ត្រូវបន្តសហការល្អជាមួយអង្គការ KOFIH (កូហ្វី) ប្រចាំកម្ពុជាឲ្យបានជាប់ជាប្រចាំ និងរាយការណ៍ពីជំងឺឆ្លងនៅតាមតំបន់នីមួយៗរបស់ខ្លួន អោយបានកាន់ច្បាស់ ដើម្បីបង្កា ទប់ ស្កាត់ អោយបានទាន់ពេលវេលា។

បើតាមរបាយការណ៍របស់ លោក ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា វិស័យសុខា ភិបាលក្នុងខេត្តប៉ៃលិន មានមន្ទីរពេទ្យបង្អែកខេត្តចំនួន ០១ និងមណ្ឌលសុខភាពមានចំនួន ០៧ (ត្រៀមបង្កើតថ្មីចំនួន ០២) ដោយមន្ត្រីរាជការសរុបចំនួន ២១៦ នាក់ (ស្រី ១១៥នាក់)៕