(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបន្តដាក់បទបញ្ជាដល់កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក អាជ្ញាធរតាមបណ្តាមូលដ្ឋាន ត្រូវសហការបង្ការ បង្ក្រាប លុបបំបាត់ ឲ្យខានតែបាននៅ៥ចំនុច រួមមាន៖ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង គ្រឿងញៀន ការបើកបរក្នុងស្ថានភាពស្រវឹង និងការដឹកជញ្ជូនលើលទម្ងន់កំណត់ និងខុសបច្ចេកទេស ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ៗបែបនេះ នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈអភិបាលខេត្ត ក្បាលម៉ាស៊ីនជាថ្នាក់ដឹកនាំសាលាខេត្ត តុលាការ មន្ទីរ អង្គភាព និងក្រុង ស្រុក ទាំង៧ជុំវិញខេត្ត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរៀបចំ ពង្រឹង និងការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ដែលនឹងចូលមកដល់ នាពេលខាងមុខនេះ។

ក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានព្រមានលើកចុងក្រោយ ក្នុងភូមិណាមានល្បែងស៊ីសង ត្រូវតែដកមេប៉ុស្តិ៍ ហើយប្រមានមេបញ្ជាការ និងអធិការក្រុង-ស្រុកនោះ។

លោកបណ្ឌិតបញ្ជាក់ថា បញ្ហាល្បែងស៊ីសងនេះហើយ ដែលធ្វើឲ្យមានជំលោះក្នុងគ្រួសារ អំពើហឹង្សា ចោរលួច ឆក់ ប្លន់ ធ្វើយ៉ាងណាឲ្យតែបានលុយទៅលេងល្បែង ជាប្រភពបង្កអសន្តិសុខក្នុងសង្គម ជាពិសេសប៉ះពាល់យ៉ាងខ្លាំង នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ដែលនឹងឈានចូលមកដល់ខាងមុខនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានប្រកាសថា រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ «ត្បូងឃ្មុំសង្ក្រាន្ត» នៅបុរីរដ្ឋបាល សាលាខេត្តត្បូងឃ្មុំចំនួន៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៦ ខែមេសា ព្រមទាំងជំរុញឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើតកម្មវិធីសប្បាយៗនានា ក្នុងឱកាសឆ្នាំថ្មីនេះ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីទាំងនេះ, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ណែនាំក្រើនរំលឹកដល់ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត រូមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៧ អធិការក្រុងស្រុក មេប៉ុស្តិ៍ មេឃុំចៅសង្កាត់ មេភូមិ ត្រូវតែប្រុងប្រយ័ត្ន ត្រៀមទាំងកម្លាំង និងសម្ភារ ដើម្បីបង្ការ និងទប់ស្កាត់ នូវបញ្ហានានា ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ៕