(ភ្នំពេញ)៖ នៅដើមខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់ការលើកទឹកចិត្តជូនមន្ត្រីរាជការទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ជាកិច្ចស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ រង្វាន់ជូនមន្ត្រីរាជការស្វាគមន៍បុណ្យចូលឆ្នាំថ្ម​ីនេះ រួម​មាន​ការឧបត្ថម្ភថវិកា៥ម៉ឺនរៀល ​ជូនមន្ត្រីរាជការសម្រាប់បុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌ ហើយក៏បាន​សម្រេចដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។

ប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងឱកាសបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ត្រូវបានអនុវត្តន៍ដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាច្រើនអាណត្តិមកហើយ។ ទម្លាប់​ជាវប្បធម៌លើកទឹកចិត្តសម្រាប់មន្ត្រីរាជការខិតខំបំពេញការងារជូនជាតិ និងប្រជាជន បានបន្តមក​ដល់រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ បានធ្វើឱ្យមន្ត្រីរាជការទាំងស៊ីវិល និងកម្លាំង​ប្រ​ដាប់​​អាវុធសម្តែងក្តីរីករាយ និងពេញចិត្តជាខ្លាំងផងដែរ។

លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលជាសាលាអប់រំកុមារខ្សោយ​បញ្ញា​ស្មា​រតី បានបង្ហាញការភ្ញាក់ផ្អើលបន្ទាប់ពីលោកបានឃើញអនុក្រឹត្យផ្តល់ប្រាក់ឧបត្ថម្ភ និងការដំឡើងប្រាក់​បំណាច់​​មុខ​​ងារធ្លាក់ជាបន្តបន្ទាប់។ អនុក្រឹត្យប្រាក់បំណាច់មុខងារថ្មីនេះ លោក ចាន់ សារិន ទទួល​បាន​មួយខែ ១លាន ៦៥ម៉ឺនរៀល។ ចំនួនប្រាក់បៀវត្សរ៍នេះ គឺឡើងប្រមាណ ១២ម៉ឺនរៀល។

ជាមួយអារម្មណ៍រីករាយ លោក ចាន់ សារិន បានមើលឃើញថា ការឧបត្ថម្ភថវិកាសម្រាប់បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ក៏ដូចជាការដំឡើងប្រាក់បំណាច់មុខងារ បង្ហាញឱ្យឃើញច្បាស់នូវការគិតគូររបស់ប្រមុខរាជ​រដ្ឋា​ភិបាលចំពោះជីវភាពរបស់មន្ត្រីរាជការ ហើយក៏ជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់មន្ត្រីរាជការក្នុងការ​បំពេញ​ការងារ។

កំណែទម្រង់រដ្ឋាភិបាលសាធារណៈ គឺជាកិច្ចការដ៏អាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាល​ទី​៧​។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ឱ្យពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ​៨០​ភាគ​រយ ហើយពង្រីកត្រឹមតែ២០ភាគរយប៉ុណ្ណោះ។ ពោលសម្តេចធិបតី លើកទឹកចិត្តឱ្យពង្រឹងសមត្ថភាព​មន្ត្រី​មា​នស្រាប់ ឱ្យច្រើនជាងការរើសថ្មី។

ការដំឡើងប្រាក់បំណាច់មុខងារដល់មន្ត្រីឱ្យខ្ពស់អាចរាប់ថា ជានយោបាយកំណែទម្រង់រដ្ឋបាលសាធា​រណៈដើរឱ្យស្របនឹងការពង្រឹងសមត្ថភាពរបស់មន្ត្រី ឬពង្រីកការងាររបស់មន្ត្រីឱ្យកាន់តែសកម្ម។ មន្ត្រីធ្វើ​ការខ្លាំង មានសមត្ថភាពខ្ពស់ ទទួលបានការលើកទឹកចិត្ត ដោយការដំឡើងប្រាក់បៀវត្សរ៍កាន់តែខ្ពស់។

លោក ចាន់ សារិន បានគាំទ្រលើនយោបាយ និងយុទ្ធសាស្ត្រកំណែទម្រង់ពង្រឹងសមត្ថភាព ពង្រីកលទ្ធ​ភាព​ការងាររបស់មន្ត្រី ហើយផ្តល់ប្រាក់បៀវត្សរ៍ឱ្យខ្ពស់។ យុទ្ធសាស្ត្រនេះ គឺប្រសើរជាងរើសមន្ត្រីច្រើន លទ្ធភាពការងារខ្សោយ ហើយប្រាក់បៀវត្សរ៍ទាប។

វិបត្តិកូវីដ១៩ វិបត្តិសង្គ្រាម ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ អតិផរណា បានក្លាយទៅជាបញ្ហា​សេដ្ឋកិច្ចសកល។ កម្ពុជា ក៏ជាប្រទេសមួយដែលឥទ្ធិពលអាក្រក់នេះផងដែរ។ ក្រុមអ្ន​កនយោបាយ​ប្រ​ឆាំង បើកភ្នែកដកក ចំហមាត់ចង់ឃើញរាជរដ្ឋាភិបាលដួលរលំផ្នែកសេដ្ឋកិច្ច។ ពួកគេនាំគ្នាទស្សទាយ​ខ្វះ​មូលដ្ឋានថា រាជរដ្ឋាភិបាលអាចដួលរលំ គ្មានលុយបើកឱ្យមន្ត្រីរាជការជាដើម។

ការសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ និងដំឡើងប្រាក់បំណាច់មុខងារ ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ជា​សារច្បាស់ពីសមត្ថភាពផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំរដ្ឋនាពេល​បច្ចុ​ប្បន្ន។

លោក ចាន់ សារិន បានឆ្លើយតបទៅអ្នករង់ចាំមើលរាជរដ្ឋាភិបាលដួលរលំផ្នែកសេដ្ឋកិច្ចថា ពួកគេយល់​ច្រឡំ និងមើលស្រាលរាជរដ្ឋាភិបាលពេកហើយ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហើយបន្តមកដល់សម្តេចធិបតី ជារាជរដ្ឋាភិបាលមានភាពច្បាស់លាស់លើការប្រើប្រាស់ថវិកាជាតិ មិនមែនជារាជរដ្ឋាភិបាលខ្ជះខ្ជាយនោះឡើយ។ ដូច្នេះរាជរដ្ឋាភិបាលនៅមានលទ្ធភាពគ្រប់គ្រាន់លើការចាត់ចែងថវិកាបំពេញសេចក្តីត្រូវការរបស់ជាតិ។