(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៧៖៤០នាទី យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ មានករណីភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង ស្ថិតនៅតាម បណ្តោយផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយសារមានការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងដ៏កម្របណ្តាលឲ្យ មនុស្ស៣នាក់ រួមទាំងជនបរទេសទៀតផងរងរបួសធ្ងន់ស្រាល និងបណ្តាលឲ្យរថយន្តសេរីទំនើប២គ្រឿង ខូចខាតផ្នែកកញ្ចក់ និងកង់។
(សូមមើលវិដេអូជនដៃដល់ ទម្លាក់គ្រាប់បែកនៅលើថ្នល់)

ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមមានកម្លាំងនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ កម្លាំងអាវុធហត្ថ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងមានវត្តមាន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងអ្នកកាសែតជាច្រើននាក់ បានសម្រុកទៅយកព័ត៌មានផ្ទាល់ពីករណីនេះផងដែរ។

តែយ៉ាងណាក៏ដោយរយៈពេលជាច្រើនម៉ោងកន្លងមកនេះ សមត្ថកិច្ចជំនាញនៅតែមិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ពីករណីបោកគ្រាប់បែកមួយនេះថា ផ្តើមចេញពីរឿងអ្វីពិតប្រាកដនោះទេ ក៏ព្រោះតែជនដៃដល់មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ ហើយសាក្សីក៏មិនទាន់អាចរកឃើញយកមកសួរនាំផងដែរ។

ក្រោយកើតហេតុភ្លាមៗ ទីតាំងកន្លែងកើតហេតុនៃកំណាត់ផ្លូវ១៦៣ ប្រមាណ៤០០ទៅ៥០០ម៉ែត ត្រូវបានសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធទាំងស្រុង មិនឲ្យមានចរាចរណ៍ឆ្លងកាត់ ហើយពេញមួយយប់នេះក៏បិទផងដែរ ដើម្បីបន្តពិនិត្យស្រាវជ្រាវនៅព្រឹកថ្ងៃស្អែកទៀត។

ថ្លែងប្រាប់អង្គភាព Fresh News នៅវេលាម៉ោង ជិត១១យប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នៅតែ​មិនទាន់បង្ហាញពីដំណើររឿងលម្អិតបាននៅឡើយទេ ក៏ដោយសារតែកម្លាំងជំនាញរបស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីតាមចាប់ជនបង្ក ហើយសម្រាប់សាក្សីដែលឃើញហេតុការណ៍នេះក៏មិនមានផងដែរ។

តែយ៉ាងណានោះសម្រាប់ករណីបោកគ្រាប់បែក នៅកណ្តាលក្រុងភ្នំពេញ ដែលបានស្ងាត់ស្ងៀមជាយូរមកហើយនេះ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានប្រាប់ថា ជនរងគ្រោះ៣នាក់ បានរងរបួសមានបុរសជនជាតិវៀតណាមម្នាក់ បុរសជនជាតិឥណ្ឌាម្នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ទៀត ខណ:មន្រ្តីសមត្ថកិច្ចម្នាក់បានរងរបួសស្រាល ដោយសារតែដុំថ្មខ្ទាតត្រូវ ហើយរថយន្តចំនួន២គ្រឿងបានរងការខូចខាត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់រួមមាន៖

ទី១ឈ្មោះ ចាន់ វន្នី ភេទស្រី ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅ ម្តុំភ្នំពេញថ្មី ខណ្ឌសែនសុខ។

ទី២ឈ្មោះ ម៉ឹង ហូវ ភេទប្រុស ជនជាតិវៀតណាម អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវបោះដុំ ក្នុងហាង ផ្សារអូឬស្សី ស្នាក់នៅ ម្តុំទួលទំពូង ខណ្ឌចំការមន ដែលពួកគេទាំង២នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។

ទី៣ឈ្មោះ DHARMENDRA SINGH KSHETRIMAYUM  ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ គ្រូបង្រៀន ជនជាតិឥណ្ឌា ស្នាក់នៅផ្ទះលេខ៤៥បេ ផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីររុស្ស៊ី។

ដោយឡែករថយន្តទាំង២គ្រឿងរួមមានទី១ ម៉ាក Lexus RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-7352 ដែលរថយន្តនេះ ហើយត្រូវជនដៃដល់បោកគ្រាប់សំដៅនោះ និងទី២ម៉ាក Vigo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-6775 ដែលរថយន្តទាំង២គ្រឿងនេះ រងការខូចខាតបែកកញ្ចក់ និងខូចកង់។

បើតាមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ គ្រាប់បែកដែលជនដៃដល់បោកនៅកន្លែងកើតហេតុនោះ គឺជាប្រភេទគ្រាប់ផលិតនៅ សហរដ្ឋអាមេរិក។

នៅក្នុងវិដេអូនោះបានបង្ហាញថា «ជនដៃដល់ជិះម៉ូតូ ទម្លាក់គ្រាប់បែកនៅលើផ្លូវ ស្របពេលនេះរថយន្ត RX400h មកដល់ក៏ផ្ទុះតែម្តង» (មើលវិដេអូ) ប៉ុន្តែ​មិន​បណ្តាលឲ្យ​អ្នកបើករថយន្ត​រងរ​បួស​នោះទេ​ ហើយអ្នកដែលរងរបួសទាំង៣នាក់នោះ គឺជាអ្នកធ្វើដំណើរឆ្លងកាត់ទីនោះប៉ុណ្ណោះ។ សម្រាប់អ្នកបើករថយន្តវិញ គេមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏មិនដឹងថា ស្រី ឫប្រុសដែរ។

ដោយឡែកសមត្ថកិច្ចមួយចំនួនទៀត នៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ករណីនេះ អាចផ្តើមចេញពីរឿងគំនុំមិនមែនជារឿងអ្វី ផ្សេងឡើយ តែយ៉ាងណានោះកម្លាំងសមត្ថកិច្ច បាននិងកំពុងតាមស្រាវជ្រាវដើម្បីតាមចាប់ជនដៃដល់សិន។

រហូតមកដល់ម៉ោងយប់ជ្រៅនេះទីតាំងកើតហេតុ ស្ថិតក្រោមការហ៊ុំព័ទ្ធនៅឡើយ ដោយមិនអនុញ្ញាតិឲ្យមានអ្នកឆ្លងកាត់ឡើយ ហើយមានកម្លាំងសមត្ថកិច្ចមួយចំនួន នៅយាមកាមរហូតដល់ថ្ងៃស្អែក៕

ទស្សនាវិដេអូជនដៃដល់ទម្លាក់គ្រាប់បែក នៅលើថ្នល់ហើយរថយន្តមកដល់ក៏ផ្ទុះតែម្តង៖