(បាត់ដំបង)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំសូត្រមន្តចម្រើនព្រះបរិត្តប្រោះព្រំលើករាសី សុំសិរីសួស្តីជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងភរិយា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកចំនួន២១៦រូបចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី បានបួងសួងដល់ទេវតាឆ្នាំថ្មីដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យសិរីមង្គលបវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ កងកម្លាំងទាំងអស់ក្រោមឱវាទឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខចម្រើន ជោគជ័យរាល់ការបំពេញភារកិច្ចក្នុងឆ្នាំថ្មីនេះ។

ពិធីសាសនានេះដែរជាការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គមដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល៕