(ភ្នំពេញ)៖ ទំនិញគុណភាពខ្ពស់អន្តរជាតិឆ្នាំ២០២៤ របស់កម្ពុជា និងថៃ ត្រូវបាននាំយកមកតាំងពិព័រណ៍ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងថៃ។

ពិព័រណ៍ពាណិជ្ជកម្ម និងទំនិញប្រើប្រាស់របស់កម្ពុជា និងថៃ ហើយពិព័រណ៍នេះនឹងបើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៩ព្រឹក ដល់ ៩យប់។ ខណៈផលិតផលប្រើប្រាស់តែនាំយកតាំងពិព័រណ៍នេះមានចំនួន១៦០ស្តង់ ក្នុងនោះផលិតផលរបស់កម្ពុជាចំនួន៨០ស្តង់ និងផលិតផលរបស់ថៃ ចំនួន៨០ស្តង់ផងដែរ។

ពិព័រណ៍ទំនិញគុណភាពខ្ពស់អន្តរជាតិ (International Best Buy Exhibition-IBB), ដែលពីមុនត្រូវបានគេស្គាល់ថាជា «ពិព័រណ៍ ទំនិញគុណភាពខ្ពស់ (Best Buy-BB)» គឺជាពិព័រណ៍មួយ ក្នុងចំណោមពិព័រណ៍ដែលមានអ្នកទស្សនាច្រើនបំផុត ហើយដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៧។

ស្តង់ចូលរួមតាំងបង្ហាញដោយសហគ្រាសកម្ពុជា ដែលចូលរួមនៅក្នុងពិព័រណ៍ IBBនេះ មានមកពីវិស័យផ្សេងៗដូចជា៖ ក្រុមហ៊ុនអាហារ និងភេសជ្ជៈ ក្រុមហ៊ុន Franchise អ្នកចែកចាយបន្ត ផលិតផលកសិកម្ម សណ្ឋាគារ និងរមណីយដ្ឋាន អ្នកផ្តល់សេវាទូរគមនាគមន៍ និងអ៊ុនធឺណិត ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកម្ហូបអាហារ និងទូទាត់ប្រាក់ ក្រុមហ៊ុនចែកចាយរថយន្ត អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

បើយោងតាមភាគីអ្នករៀបចំការតាំងពិព័រណ៍នេះ បានឱ្យដឹងថា ការរៀបចំតាំងពិព័រណ៍នេះភាគច្រើនជាទំនិញដែលជួយដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ក៏មានការរៀបចំចម្អិនម្ហូបខ្មែរ និងថៃ ដើម្បីអ្នកទស្សនាបានភ្លក់នូវរសជាតិស្នាដៃចុងទាំងពីរជនជាតិផងដែរ។

ការរៀបចំតាំងពិព័រណ៍នេះមានបំណងភ្ជាប់ទំនាក់ទំនងធុរកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយសារតែកន្លងមកនេះជួបវិបត្តិកូវីដ១៩ ការធ្វើសកម្មភាពពាណិជ្ជកម្មត្រូវបានផ្អាក់មួយរយៈពេល ប៉ុន្តែដោយសារតែបច្ចុប្បន្ននេះ ស្ថានភាពកូវីដ១៩ បានធូរស្រាល ទើបក្រុមអ្នកវិនិយោគិន បានខិតខំប្រឹងបំផុសឡើងឱ្យមានសកម្មភាពផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរឡើងវិញជាដើម។

តាមការគ្រោងទុកព្រឹត្តិការណ៍តាំងពិព័រណ៍ទំនិញគុណភាពខ្ពស់អន្តរជាតិឆ្នាំ២០២៤ របស់កម្ពុជា និងថៃ នឹងធ្វើឡើង២ដង ក្នុង១ឆ្នាំ ឱ្យមានកាន់តែធំ ព្រមទាំងមានគោលបំណងអញ្ជើញអ្នកផលិតទំនិញមកពីប្រទេសផ្សេងៗទៀតចូលរួមតាំងបង្ហាញផលិតផលរបស់គេនៅក្នុងព្រឹត្តិការណ៍ផងដែរ។

ភ្ញៀវដែលមកចូលទស្សនាពិព័រណ៍នឹងអាចជាវផលិតផលជាច្រើនដែលមានការបញ្ចុះតម្លៃពិសេស សម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ លើសពីនេះទៀត ក៏នឹងមានការប្រគុំតន្ត្រី, ការសម្តែងសិល្បៈ, និងការចាប់រង្វាន់ជាច្រើនទៀតផងដែរ៕