(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី៨ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ជូនសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស សរុបចំនួន ១៣៤រូប នៅវិមាន៧មករា រាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកអំពីប្រវត្តិកកើតនៃស្ថាប័នមុខងារសាធារណៈ និងសមិទ្ធផលនានាដែលបានក្រសួងសម្រេចបាន ព្រមទាំងបានរៀបរាប់ពីមុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។

លោកបានបន្តថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផលជាច្រើនក្នុងគោលដៅកែលម្អ និងកែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជារបៀបរបបធ្វើការងារនៅផ្ទៃក្នុងក្រសួងស្របតាមទិសស្លោករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា «ការរៀបចំផ្ទះខ្លួនយើងឲ្យបានស្អាត និងមានរបៀបរៀបរយ»

ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ ក៏ដូចជាធ្វើវឌ្ឍនភាពលើការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

លោកបានចែករំលែកផងដែរថា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនអនុវិទ្យាល័យ ក្នុងពេលខាងមុខនេះ មានបេក្ខជនចូលរួមប្រើប្រាស់ប្រព័ន្ធចុះឈ្មោះជាង៥ម៉ឺននាក់ ហើយបេក្ខជនដែលត្រូវបានផ្តល់សិទ្ធចូលរួមប្រឡងមានចំនួន៣៣៣១៤នាក់ ខណៈចំនួនជ្រើសរើសមាន៤៤១កន្លែង។

បទឧទ្ទេសនាមនាព្រឹកនេះ ក៏មានការផ្តោតសំខាន់លើការបង្ហាញពីគម្រូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការសិក្សាពីលំអាននៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកពីគោលការដឹកនាំ និងសារដាស់តឿនសំខាន់ៗ ក៏ដូចជាអភិក្រមនានា ដែលអ្នកដឹកនាំត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុងដែលយើងកំពុងមាន ព្រមទាំងរក្សាទំនាក់ទំនងល្អជាមួយប្រជាជន និងផ្តល់សេវាកាន់តែល្អប្រសើរជូនប្រជាជន៕