(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន Fresh News ដែលកំពុងស្ថិតនៅកន្លែងកើតហេតុថា ជនដៃដល់មិនទាន់កំណត់អត្តសញ្ញាណ និងចាប់បាននោះទេ, សមត្ថកិច្ចកំពុងស្រាវជ្រាវ។

សមត្ថកិច្ចទាំងអស់នៅកន្លែងបំផ្ទុះគ្រាប់បែក តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦នេះ មិនទាន់អាចបញ្ជាក់ពីមូលហេតុបានភ្លាមៗនោះទេ ហើយកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុថា ករណីបំផ្ទុះគ្រាប់បែបនេះ បានបណ្តាលឲ្យរថយន្តចំនួន៣គ្រឿង រងការខូចខាត គឺរថយន្តម៉ាក Lexus RX-330 មួយគ្រឿងដែលជនដៃដល់បំផ្ទុះពីក្រោម និងរថយន្ត២គ្រឿងទៀត ដែលកំពុងចតតាមផ្លូវនៅក្បែរនោះ មាន Takoma និង Vigo។

សេចក្តីរាយការណ៍បឋមការបំផ្ទុះនេះ បណ្តាលឲ្យមនុស្សរបួស ៣នាក់ ប្រុស២នាក់ស្រីម្នាក់ (ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់) និងបែកកញ្ចក់រថយន្តលុច្សស៊ីស ពណ៌សមួយគ្រឿង។

សូមបញ្ជាក់ថា នៅម៉ោង១៩៖៤០នាទីថ្ងៃទី៦ ខែកញ្ញា នេះ មានករណីនេះបំផ្ទុះគ្រាប់មួយ នៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បណ្តាលឲ្យមនុស្សរបួស២នាក់ ដោយមិនទាន់ដឹងមូលហេតុ។ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បាននិងកំពុងដឹកនាំកម្លាំងនគរបាល ជាច្រើននាក់ សហការជាមួយកម្លាំងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ នៅកន្លែងបំផ្ទុះគ្រាប់បែក៕