(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និង កីឡា បានឲ្យដឹងថា ដំណើរការបូកសរុបពិន្ទុ ក៏ដូចជាការត្រួតពិនិត្យពិន្ទុមិនប្រកក្រតី របស់សិស្ស ប្រឡងមធ្យមសិក្សាទុតិយភូមិ ហៅបាក់ឌុប បានបញ្ចប់ទាំងស្រុងហើយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦។

តែទោះបីជាយ៉ាងណាក្រសួងមិនទាន់បានបញ្ជាក់ពីលទ្ធផលលំអិតជុំវិញការប្រឡងបាក់ឌុបនេះនៅឡើយទេ។

សូមបញ្ជាក់ថា បេក្ខជន បេក្ខនារីសរុប ៩៣,៧៥២នាក់ កាលពីថ្ងៃទី២២-២៣ ខែសីហា កន្លងទៅនេះ បានប្រឡងបញ្ចប់ការសិក្សា ចំណេះដឹងទូទៅ ដើម្បីឈានចូលទៅថ្នាក់ឧត្តមសិក្សា។ ការប្រឡងបាក់ឌុបនៅឆ្នាំនេះ ត្រូវបានមើលឃើញថា កាន់តែល្អប្រសើរ ហើយ  មានមិនប្រក្រតីតិចតួចបំផុត ដោយបេក្ខជន បេក្ខនារី សុទ្ធតែបានត្រៀមលក្ខណៈសម្បត្តិសម្រាប់ការប្រឡង ពួកគេមិនពឹងពាក់លើការ លួចចម្លង ឬឯកសារសម្ងាត់ដូចពេលមុនទៀតនោះឡើយ។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រកាសជូននៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ សម្រាប់មណ្ឌលប្រឡងក្នុង រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ដោយឡែកបណ្ដាខេត្តផ្សេងទៀត នឹងប្រកាសជូននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

Advertising